ព្រះពុទ្ធបដិមាមួយអង្គសាងសង់ពីថ្មភក់ កម្ពស់២ម៉ែត្រ ទម្ងន់ជាង១តោន ត្រូវបានដង្ហែយកទៅតម្កល់ទុកក្នុងវត្តខេមរពោធិការាម(ក្រូច) នៃឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីទុកជាកន្លែងសក្ការៈបូជារបស់ពុទ្ធបរិស័ទ ក្រោមការផ្ដួចផ្ដើមពី ឧបាសិកា ឡៅ គីរី និងកូនចៅ ព្រមទាំងញាតិមិត្តបងប្អូន រួមនឹងពុទ្ធបរិស័ទនានា។
ឧបាសិកា ឡៅ គីរី បានឱ្យដឹងថា ការសម្រេចនាំគ្នាជាវព្រះពុទ្ធរូបដាក់វត្តនៅពេលនេះ គឺធ្វើឡើងតបតាមការអំពាវនាវរបស់ព្រះចៅអធិការវត្ត និងមើលឃើញពីភាពខ្វះខាតដោយវត្តនេះមិនទាន់មានអ្វីជាសម្បត្តិគរុភណ្ឌធំដុំនៅឡើយ។ ការជាវព្រះពុទ្ធរូបជារូបមកតម្កល់ទុកក្នុងវត្តនេះ គឺដើម្បីទុកជាសម្បត្តិគរុភណ្ឌវត្ត សម្រាប់ពុទ្ធបរិស័ទគោរពបូជា រំលឹកដល់ព្រះគុណទាំងឡាយរបស់ព្រះពុទ្ធ ដែលជាទីពឹងផ្អែកផ្លូវចិត្តដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប។
ព្រះគ្រូ សោម សេរីឫទ្ធី ចៅអធិការវត្ត បានសម្ដែងនូវបីតិសោមនស្សអរគុណ ចំពោះម្ចាស់សទ្ធាទាំងអស់ ដែលបានរួមចំណែកបរិច្ចាគធនធានថវិកា ជួយឧបត្ថម្ភជាវបានព្រះពុទ្ធបដិមាដ៏មានតម្លៃនេះ សម្រាប់ទុកប្រើប្រាស់ជាសម្បត្តិគរុភណ្ឌវត្ត និងដើម្បីរួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងឋិតថេរយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ ។
ព្រះគ្រូមានថេរដីកាថា ការជាវ ឬការកសាងព្រះពុទ្ធបដិមាយកទៅតម្កល់ទុកក្នុងទីអារាមវត្ត ត្រូវបានចាត់ទុកថាជា ពុទ្ធបូជាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធរូបគឺជារូបតំណាងរបស់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលពុទ្ធបរិស័ទតែងតែគោរពបូជាដើម្បីរំលឹកគុណ។ បើតាមជំនឿប្រពៃណីខ្មែរ ការធ្វើបុណ្យប្រភេទនេះនាំមកនូវអត្ថប្រយោជន៍ និងអានិសង្សធំធេងទាំងក្នុងផ្លូវចិត្ត ផ្លូវលោក និងផ្លូវធម៌ផងដែរ៕
អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
