ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក Tanigawa Masatoshi ប្រធានអង្គការ Kumamoto internationalization center និងជាតំណាងសប្បុរសជនជប៉ុន បានអញ្ជើញដឹកនិស្សិតចំនួន ២៥នាក់ ដែលមកពីសកលវិទ្យាល័យ ម៉ៃជិ Meiji University ក្រុងតូក្យូ, លោក Elain Younn ស្ថាបនិក សណ្ឋាគារ TUI BLUE Angkor Grace, លោក Ishikawa Katsuyoshi អ្នកគ្រប់គ្រងផ្នែកលក់ និងប្រធាន អ្នកគ្រប់គ្រង នៃសណ្ឋាគារ TUI BLUE Angkor Grace និង លោក យឹម ឧត្តម សម្ភោធដាក់ឱ្យប្រើប្រាស់ អណ្ដូងទឹកស្អាត “អណ្ដូងមិត្តភាព កម្ពុជា-ជប៉ុន” នៅសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ប្រាសាទត្រាវ ស្ថិតក្នុងភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប
VID_20260913_202846_223.mp4
ដែលមានការអញ្ជើញចូលរួមដោយ លោក នៅ ផល តំណាងក្រុមប្រឹក្សាឃុំគោកដូង លោក បូយ ប៊ុនពៅ នាយកសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ប្រាសាទត្រាវ លោក ពត ង មេភូមិប្រាសាទត្រាវ លោក រ៉ាយ តូច នាយកសាលាបឋមសិក្សាគោកដូង និងជាប្រធានកម្រងគោកដូង រួមជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។


លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បានសម្ដែងនូវក្តីរំភើប ដែលបានឃើញវត្តមាន លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួម ជាសក្ខីភាព ថ្ងៃល្អ នៃការសម្ភោធ ដាក់ឱ្យប្រើប្រាស់ “អណ្ដូងទឹកស្អាត” ឬ “អណ្ដូងមិត្តភាព កម្ពុជា-ជប៉ុន” នាពេលនេះ ដោយលោកបានបញ្ជាក់ឱ្យដឹងថា បើទោះបីជា កាលពីពេលកន្លងទៅ នៅខេត្ត Kumamoto និងភូមិស្រុករបស់លោក បានទទួលរងនូវគ្រោះរញ្ជួយដី សម្លាប់មនុស្ស និងបំផ្លាញ ហេត្ថារចនាសម្ព័ន្ធខេត្ត យ៉ាងណាក៍ដោយ ក៍អង្កការ និងសម្បុរសជន របស់លោក នៅតែបន្តជួយមកកាន់ពលរដ្ឋកម្ពុជា ស្របតាមចក្ខុវិស័យ របស់ Kumamoto internationalization center ដែលបង្កើតឡើងដើម្បី ទេសចរណ៍ វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច លើកកម្ពស់ចំណេះដឹង សុខមាលភាពសហគមន៍ និងមនុស្សធម៌ ដែលនឹងនាំឱ្យមានទំនាក់ទំនងមិត្តភាពល្អយូរអង្វែង រវាង កម្ពុជា-ជប៉ុន។
លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បន្តថា ជាច្រើនលើកច្រើនសារ លោកផ្ទាល់ សិស្សានុសិស្សជប៉ុន និងក្រុមគ្រួសាររបស់លោក បានមកដល់ សាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ប្រាសាទត្រាវ នៃសហគមន៍មួយនេះ ឃើញថាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋមានការខ្វះខាតទឹកស្អាតប្រើប្រាស់ ទើបសម្រេចចិត្តស្វែងរកថវិកាពីសប្បុរសជនខ្លះ និងថវិកាលោកដែលជាប្រធានអង្គការ Kumamoto Internationalization center ផ្ទាល់សរុប ៧៤០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីធ្វើអណ្ដូងចំនួនពីរ ដែលតភ្ជាប់ប្រព័ន្ធរួចរាល់សម្រាប់ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣៥៦គ្រួសារ ស្មើនិង ១៥២៧នាក់ អាចប្រើប្រាស់បាន។
លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បន្ថែមថា លោករំពឹងថាអណ្ដូងនេះនឹងអាចឱ្យប្រជាជនក្នុងសហគមន៍នេះ បានប្រើប្រាស់ យូរអង្វែង ព្រោះវាជាស្ពានភ្ជាប់ ឃុំគោកដូង និងខេត្ត Kumamoto ក៍ដូចជាប្រជាជនជប៉ុន ជាពិសេសរិតចំណងមិត្តភាពល្អ ប្រទេសកម្ពុជា និងប្រទេសជប៉ុនតរៀងទៅ ហើយទស្សនកិច្ចរបស់សិស្សនិស្សិត នៃ សកលវិទ្យាល័យ ម៉ៃជិ Meiji University នាពេលនេះ ជាសក្ខីភាព នៃការផ្តោះប្តូរ វប្បធម៌ ប្រពៃណី ចំណេះដឹង និងទេសចរណ៍ រវាងប្រទេសទាំងពីរ ដែលលោកសង្ឃឹមថា នឹងមានកំណើន នៃប្រជាជនកម្ពុជា ជាពិសេសប្រជាសហគមន៍នេះ បានទៅប្រទេសជប៉ុន ជាអ្នកទេសចរ, អ្នកវិនិយោគ, ពាណិជ្ជករ, និយោជិត, និយោជក កាន់តែច្រើនឡើង។ ជាមួយគ្នានេះដែរ លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi ក៍បានសន្យាថា នឹងគៀងគរសប្បុរសជន, អ្នកទេសចរ, ពាណិជ្ជករ, អ្នកវិនិយោគ, និយោជិត, និយោជក មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងផងដែរ។
លោក បូយ ប៊ុនពៅ នាយកសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ប្រាសាទត្រាវ បានសម្តែង នូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់លោក Tanigawa Masatoshi ប្រធានអង្គការ Kumamoto internationalization center និងសិស្សនិស្សិតសកលវិទ្យាល័យ ម៉ៃជិ Meiji University ដែលបានអញ្ជើញក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “អណ្តូងទឹកស្អាត” ជាអំណោយដ៏ថ្លៃថ្លាបំផុតពីសំណាក់សប្បុរសជនជនជាតិជប៉ុន ជូនដល់សាលា និងសហគមន៍មូលដ្ឋានរបស់លោក។
លោកនាយកសាលាបានលើកឡើងថា ការផ្តល់ជូននូវអណ្តូងទឹកស្អាតនាពេលនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីទឹកចិត្តមិត្តភាព សាមគ្គីភាព និងការយកចិត្ត ទុកដាក់ខ្ពស់ពីសំណាក់ប្រជាជន និងសប្បុរសជនជប៉ុន ចំពោះសុខុមាលភាព និងអនាគតកុមារកម្ពុជា។ ទឹកស្អាតគឺជា ជីវិត ជាកត្តាគ្រឹះនៃសុខភាពល្អ ដែលនឹងជួយឱ្យកូនៗសិស្សានុសិស្សរបស់យើងមានសុខភាពមាំមួន មកសាលារៀន បានទៀងទាត់ និងមានការលូតលាស់ល្អទាំងកាយសម្បទា និងស្មារតី។
លោកនាយកសាលាបន្តថា បច្ចុប្បន្នសាលាមាន ថ្នាក់ទី១ដល់ទី ៦ មានសិស្សសរុប ១៩០ នាក់ (ស្រី ១០៨ នាក់) សិស្សជាប់មធ្យមភាគសរុប: ១៤១ នាក់ ត្រូវជា ៧៤.២១% (ស្រី ៨៣ នាក់ ត្រូវជា ៧៦.៨៥%) ធ្លាក់មធ្យមភាគ សរុប ៤៤ នាក់ ត្រូវជា ២៣.១៦% (ស្រី ២២ នាក់ ត្រូវជា ២០.៣៧%) សិស្សបោះបង់ សរុប ៥ នាក់ ត្រូវជា ២.៦៣% (ស្រី ៣ នាក់ ត្រូវជា ២.៧៨%)។
លោកនាយកសាលាបានបន្ថែមថា គម្រោងសាងសង់អណ្តូងទឹកស្អាត (បូមម៉ូទ័រអគ្គិសនី) ម្ចាស់ជំនួយឧបត្ថម្ភ មានក្រុមការងារ និងសប្បុរសជនជនជាតិជប៉ុន ដឹកនាំដោយលោកលោក ម៉ាសាតូហ្ស៊ី តានី ហ្គាវ៉ា Tanigawa Masatoshi ប្រធានអង្គការ Kumamoto internationalization center និងជាទីប្រឹក្សា សណ្ឋាគារ អង្គរហ្គេស Tui Blue Angkor Grace បានមកសាងសង់ក្នុងបរិវេណសាលា ប៉ុន្តែខ្វះប្រភពទឹកក៍ប្ដូរទីទីតាំងផ្ទះលោកមេភូមិវិញ ដែលនៅទីនោះមានប្រភពទឹក ដើម្បីងាយស្រួលដល់ការ ប្រើប្រាស់របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជុំវិញសាលាវិញ ដោយប្រើរយៈពេលសាងសង់ បានចាប់ផ្តើមដំណើរការជីក និងតម្លើងក្នុងខែ ឧសភា បានរួចរាល់ជាស្ថាពរ ក្រោមការ ត្រួតពិនិត្យបច្ចេកទេសយ៉ាងយកចិត្តទុកដាក់បំផុត ទើបទទួលបានទឹកស្អាតមានគុណភាពល្អ ឆ្លងកាត់ការត្រួតពិនិត្យកម្រិតអនាម័យបឋម អាចយកមកប្រើប្រាស់សម្រាប់ផឹក និងអនាម័យផ្ទាល់ខ្លួនបានយ៉ាងមានសុវត្ថិភាព ហើយការគ្រប់គ្រង និងថែទាំអណ្ដូងនេះ រដ្ឋបាលសាលារៀន សហការជាមួយគណៈកម្មការទ្រទ្រង់សាលារៀន និងអាជ្ញាធ រមូលដ្ឋាន បានរៀបចំបង្កើត “ក្រុមការងារថែទាំអណ្តូងទឹក» មួយ ដើម្បីធានាបាននូវការប្រើប្រាស់បានយូរ អង្វែង ការថែរក្សាអនាម័យជុំវិញបរិវេណអណ្តូង និងការជួសជុលទាន់ពេលវេលាក្នុងករណីមានការខូចខាត បន្តិចបន្តួច។
ក្នុងនាមតំណាងឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ លោកនាយកសាលា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនជនជាតិជប៉ុន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ដែល បានខិតខំសម្របសម្រួលរហូតដល់គម្រោងនេះលេចចេញជារូបរាងឡើង និងសន្យាថានឹងថែរក្សានិងប្រើប្រាស់អណ្តូងទឹកស្អាតនេះឱ្យបានគង់វង្សយូរអង្វែង និងទទួលបានផល ប្រយោជន៍អតិបរិមាសម្រាប់កូនៗសិស្សានុសិស្ស និងសហគមន៍មួយនេះ។
លោក បូយ ប៊ុនពៅ នាយកសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ប្រាសាទត្រាវ បានទទូចស្នើសុំថា ដោយមើលឃើញអំពីភាពចាំបាច់ដើម្បីលើកកំពស់គុណភាពក្នុងការបង្រៀននិងរៀន របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ស្របតាមគោលដៅរបស់ អង្គការ Kumamoto internationalization center ដែលចង់ឱ្យសិស្សខិតខំសិក្សា មានចំណេះដឹងជ្រៅជ្រះ និងចង់ឃើញធនធានមនុស្សពីសហគមន៍មួយអាចទទួលបានលទ្ធផលការងារនៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន និងដោយសារបច្ចុប្បន្ននេះ ពិភពលោកយើងកំពុងឈានចូលសម័យកាលឌីជីថល ហើយការបង្រៀន និងរៀននៅក្នុងសាលារៀន ក៏ទាមទារឱ្យមានការផ្លាស់ប្តូរពីការប្រើប្រាស់ក្តារខៀន បែបបុរាណ មកជាការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនគុណភាព នៃការយល់ដឹងរបស់សិស្ស។ ប៉ុន្តែ សាលារៀនរបស់យើងនៅខ្វះខាតសម្ភារឧបទេសទំនើ បៗជាច្រើន ជាពិសេសគឺ អេក្រង់ទូរទស្សន៍ឆ្លាតវៃ (Smart TV) សម្រាប់បម្រើឱ្យការបង្រៀនក្នុងថ្នាក់រៀន។ អាស្រ័យហេតុនេះ ក្នុងនាមជានាយកសាលា លោកសូមលើកសំណូមពរ និងគោរពស្នើសុំក្តីមេត្តាអនុគ្រោះពី សំណាក់ លោក ម៉ាសាតូហ្ស៊ី តានីហ្គាវ៉ា (Masatoji Tanigawa) ព្រមទាំងសប្បុរសជន និងអង្គការដៃគូទាំងអស់ ប្រសិនបើអាច មេត្តាជួយពិនិត្យ និងឧបត្ថម្ភបន្ថែមនូវ Smart TV ចំនួន ៥គ្រឿង សម្រាប់យកមកប្រើប្រាស់ក្នុង ការិយាល័យសិក្សា និងការបង្រៀន របស់លោកគ្រូ អ្នកគ្រូ ដល់ក្មួយៗសិស្សានុសិស្ស ដែលការជួយឧបត្ថម្ភ Smart TV នេះ នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ ក្នុងការជួយឱ្យសិស្សានុសិស្សនៅជនបទ អាចទទួលបានការសិក្សាបែបទំនើប ស្របតាមទសវត្សរ៍ឌីជីថលនេះ។
លោក ពត ង មេភូមិប្រាសាទត្រាវ តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន បានសម្តែងនូវក្តីរំភើប សោមនស្សរីករាយជាទីបំផុត ចំពោះការសម្ភោធដាក់ឱ្យប្រើប្រាស់ “អណ្ដូងទឹកស្អាត” នាពេលនេះ ដោយលោកថា ជាការពិតណាស់ ទំនាក់ទំនងរវាងពួកយើង និង សប្បុរសជនជនជាតិជប៉ុន មិនមែនទើបតែស្គាល់គ្នាតែ ថ្ងៃនេះទេ។ យើងគឺជាមិត្តចាស់ ជិតស្និទ្ធ និងបានស្គាល់គ្នាជាយូរអង្វែងមករួចទៅហើយ តាមរយៈការរួម ទុក្ខសុខ និងការជួយយកអាសាគ្នាទៅវិញទៅមកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានយើងកន្លងមក។ ទឹកចិត្តដ៏ ប្រពៃ និងភាពស្មោះសររបស់មិត្តជប៉ុន គឺស្ថិតក្នុងបេះដូងរបស់ប្រជាពលរដ្ឋយើងជានិច្ច។
លោកមេភូមិបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់ ខ្ញុំសូម ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ បញ្ចេញនូវ អារម្មណ៍ក្ដុកក្ដួល និងការយកចិត្តទុកដាក់ស្រឡាញ់ រាប់អានយ៉ាងខ្លាំង ចំពោះប្រជាជនជប៉ុនទាំងអស់។ ថ្មីៗនេះ យើងខ្ញុំបានទទួលដំណឹង និងតាមដានដោយ ក្តីបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតឡើងប្រទេសជប៉ុន។ ទោះបីជាពួក យើងនៅឆ្ងាយពីគ្នា ប៉ុន្តែទឹកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋយើង គឺតែងតែនៅជាមួយ និងសូមចូលរួម រំលែកនូវក្តីបារម្ភ ក៏ដូចជាសូមជូនពរឱ្យប្រទេសជប៉ុន និងប្រជាជនជប៉ុនទាំងអស់ បានរួចផុតពីគ្រោះ មហន្តរាយ និងមានសុវត្ថិភាព ព្រមទាំងឆាប់បានស្ដារឡើងវិញនូវភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកមេភូមិបានបន្ថែមថា ទោះបីជាប្រទេសជប៉ុនកំពុងជួបប្រទះនូវការលំបាកបែបនេះក្តី ក៏មិត្តជប៉ុននៅតែផ្តល់ក្តីស្រឡាញ់ និងការ យកចិត្តទុកដាក់ជួយដល់សហគមន៍ជនបទរបស់យើង ទឹកចិត្តនេះគឺពិតជាធំធេង និងមិនអាចកាត់ថ្លៃបានឡើយ។ ក្រៅពីការជួយឧបត្ថម្ភអណ្តូងទឹកស្អាត និងការអភិវឌ្ឍសាលារៀននាពេលនេះ ក្នុងនាមជាអាជ្ញាធរមូល ដ្ឋានដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជន លោកមេភូមិ សូមឆ្លៀតឱកាសដ៏មានតម្លៃនេះ បញ្ចេញនូវក្តីកង្វល់ និងសំណូមពរដ៏ទទូចថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានរបស់យើង កំពុងជួបប្រទះបញ្ហាប្រឈមខ្លាំងលើ ជីវភាព ដោយសារតែការបាត់បង់ការងារធ្វើ បណ្តាលមកពីបញ្ហាតំបន់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យពួក គាត់បង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតវិញដោយគ្មានមុខរបរច្បាស់លាស់។ ហេតុដូចនេះ អាស្រ័យលើទំនាក់ទំនងមិត្តភាពល្អកលើន និងបេះដូងមនុស្សធម៌ដ៏ទូលំទូលាយរបស់មិត្ត ជនជាតិជប៉ុន ខ្ញុំសូមសំពះសំណូមពរយ៉ាងទទូចដល់លោក និងសប្បុរសជនជប៉ុន មេត្តាជួយពិនិត្យលទ្ធភាព ឬស្វែងរកគម្រោងអភិវឌ្ឍន៍ផ្សេងៗបន្ថែមទៀត ដូចជា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខ្នាតតូច ខ្នាតតូច ការបង្កើតសិប្បកម្ម ឬកន្លែងបង្កើតការងារធ្វើក្នុងស្រុក ដើម្បីជួយទាក់ទាញ និងស្រូបទាញកម្លាំង ពលកម្មរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងខ្វះខាតការងារទាំងនោះ ឱ្យមានប្រាក់ចំណូលសមរម្យ សម្រាប់ទ្រទ្រង់គ្រួសារ។
លោកមេភូមិក៍បានរំលេចផងដែរថា ពលរដ្ឋក្នុងសហគមន៍នេះ ភាគច្រើនបំរើការងារតាម រោងចក្រសហគ្រាស នានា ក្នុងរាជធានី-ខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រ កម្ពុជា និងពលរដ្ឋមួយចំនួនទៀតបានចេញទៅធ្វើការនៅក្រៅប្រទេសរួមមាន ប្រទេសថៃ៖ ៥៤ នាក់, ប្រទេសជប៉ុន៖ ១ នាក់ និងប្រទេសចិន៖ ១ នាក់ ផងដែរ។
ជាទីបញ្ចប់ លោកមេភូមិ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូន ចំពោះមិត្តជនជាតិជប៉ុន និងអង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក នៅ ផល តំណាងក្រុមប្រឹក្សាឃុំគោកដូង បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពក្រៃលែង ដែលបានចូល រួមក្នុងពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត ដែលជាសមិទ្ធផលថ្មីដ៏មានតម្លៃសម្រាប់មូលដ្ឋានឃុំនាពេលនេះ លោកថា ជាការពិតណាស់ “ទឹកគឺជាជីវិត” ហើយការទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ គឺជា តម្រូវការបន្ទាន់និងសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ក្នុងឃុំ ក៏ដូចជារបស់កូនៗសិស្សានុសិស្សនៅ ក្នុងសាលារៀន។ ជំនួយអណ្តូងទឹកស្អាតពីសំណាក់មិត្តអ្នកជំនួយការ និងសប្បុរសជនជនជាតិជប៉ុន នាពេលនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាខ្វះខាតទឹកក្នុងរដូវប្រាំងប៉ុណ្ណោះទេ ប៉ុន្តែវាបានរួម ចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងកាត់បន្ថយជំងឺឆ្លងផ្សេងៗដែល បង្កឡើងដោយការប្រើប្រាស់ទឹកមិនមានអនាម័យ។
ក្នុងនាមអាជ្ញាធរឃុំ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក នាយកសាលា អាជ្ញាធរភូមិ ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ប្រសើរ រហូតដល់គម្រោងសាងសង់អណ្តូងទឹកនេះសម្រេចជោគជ័យតាមផែនការ។
ទន្ទឹមនឹងសមិទ្ធផលនេះ លោកសូមសំណូមពរដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវជួយថែរក្សា ការពារ និងប្រើប្រាស់អណ្តូងទឹកស្អាតនេះដោយស្មារតី ម្ចាស់ការខ្ពស់ ដើម្បីឱ្យវាអាចស្ថិតស្ថេរគង់វង្សបំរើផលប្រយោជន៍យូរអង្វែងដល់កូនចៅជំនាន់ក្រោយៗ ទៀត។
ជាទីបញ្ចប់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះសប្បុរសជនជនជាតិ ជប៉ុន និងសូមជូនពរលោកអ្នក និងអង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕KD


