លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានត្រួតពិនិត្យ និងវាយតម្លៃលើស្ថានភាពការងារដឹកនាំបញ្ជា ការបែងចែក និងប្រើប្រាស់កម្លាំងតាមគោលដៅសំខាន់ៗ ការល្បាតត្រួតពិនិត្យតាមភូមិសាស្ត្រដែលមានហានិភ័យ និងការត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើង ដោយណែនាំដល់គ្រប់ផ្នែកជំនាញ អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារល្បាត ពិសេសនៅពេលយប់ ដោយរៀបចំកម្លាំង និងមធ្យោបាយឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែង ពង្រឹងការត្រួតពិនិត្យទីតាំងសំខាន់ៗ តំបន់សាធារណៈ តំបន់ទេសចរណ៍ និងតំបន់ដែលអាចកើតមានបទល្មើស ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះហេតុការណ៍នានាប្រកបដោយប្រសិទ្ធភាព។

ការណ៍នេះបានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងពេលដែល លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារដឹកនាំបញ្ជា កម្លាំងការពារល្បាតត្រួតពិនិត្យ និងកម្លាំងត្រៀមអន្តរាគមន៍ ដោយផ្តោតជាពិសេសលើការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅពេលយប់ ព្រមទាំងលើកទិសដៅអនុវត្តការងារបន្ត ដែលអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងសៀមរាប លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២សង្កាត់ ក្នុងក្រុងសៀមរាប និងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវទិសដៅ និងប្រគល់ភារកិច្ចជាក់លាក់ដល់ថ្នាក់ដឹកនាំ និងកម្លាំងពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារដោយម៉ឺងម៉ាត់ ប្រសិទ្ធភាព និងមានការសហការគ្នាជិតស្និទ្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់បទល្មើស និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងភូមិសាស្ត្រខេត្តសៀមរាបឱ្យបានល្អប្រសើរជាប្រចាំ៕KD
