Sunday, June 21, 2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ប៉ុន្តែសូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ … ‎

ខេត្តសៀមរាប៖ កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយអបដោយវីដេអូ ដែលមានរយៈពេល ៦នាទី និង១៥វិនាទី បង្ហាញសកម្មភាពដែលសម្ដេច និងលោកជំទាវ វេជ្ជបណ្ឌិតឧត្ដមភរិយាអញ្ជើញ ឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ ក្រោយពីត្រលប់មកពីប្រជុំនៅសហព័ន្ធរុស្សីវិញបញ្ជាក់ថា៖ «ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ ខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ អ្វីជាការស្នើសុំរបស់ខ្ញុំគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ»។

‎ក្នុងសំណេរដដែលរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថា « ក្នុងដំណើរកម្សាន្តនោះ ខ្ញុំក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍»។ សំណេរដដែលរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមថា «ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍»៕KD

ព័ត៌មានពេញនិយម