Saturday, June 13, 2026

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបរាប៖ «មន្ត្រីនគរបាលនារី បានចូលទៅបំភ្លឺនៅការិយាល័យបុគ្គលិកថា ពិតជាបានជំពាក់លុយគេពិតប្រាកដមែន ហើយរឿងនេះជារឿងឯកជន មិនជាប់ពាក់ព័ន្ធនឹងអង្គភាពនោះឡើយ» ‎

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សេចក្តីបំភ្លឺព័ត៌មាន តាមរយៈអ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា បន្ទាប់ពីឃើញករណីគណនីហ្វេសប៊ុកឈ្មោះ Sok Chea បានបង្ហោះខ្លឹមសារ និងរូបភាពមន្ត្រីនគរបាលនារី ស្លៀកពាក់ឯកសណ្ឋានចរាចរណ៍ ដោយមានខ្លឹមសារមួយចំនួនថា “ជួយដោះស្រាយលុយអោយខ្ញុំផងទុកពេល ពេលអោយយូរហើយ” និង “បើង៉ែងពីរអ្នកបងប្អូនង៉ែងមានលុយប្តឹងអញង៉ែងយកលុយមកយកកាតង៉ែងទៅ វិញទៅ” ។អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការបំភ្លឺ ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានវិធានការ ចាត់ឱ្យផែនការងារធនធាន មនុស្ស អញ្ជើញមន្ត្រីនគរបាលនារីពាក់ព័ន្ធខាងលើ មកធ្វើការបំភ្លឺនៅការិយាល័យបុគ្គលិក។ ជាលទ្ធផល ឃើញថា មន្ត្រីរូបនេះ ពិតជាបានជំពាក់លុយគេពិតប្រាកដមែន។ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ផងដែរថា រឿងនេះជារឿងឯកជន (បុគ្គល) មិនជាប់ពាក់ព័ន្ធនឹងអង្គភាពនោះឡើយ។ ប៉ុន្តែ លោកឧត្តមសេនីយ៍ទោ ស្នងការ ក្នុងនាមជាប្រធានអង្គភាព ក៏មិនព្រងើយកន្តើយ បានធ្វើការណែនាំឱ្យបុគ្គល ជាមន្ត្រីនគរបាលនារីនោះ ធ្វើការដោះស្រាយទៅឱ្យម្ចាស់បំណុលទៅតាមអ្វីដែលខ្លួនពាក់ព័ន្ធ ក្នុងករណីមានកំហុស ខុសឆ្គងណាមួយលើសពីនោះ នឹងដាក់វិន័យទៅតាមបទវិន័យនគរបាលជាតិកម្ពុជា។

‎យោងតាមការឱ្យដឹងពីភាគីម្ចាល់បំណុល មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះថា គាត់បានព្យាយាមដាក់ពាក្យបណ្ដឹងទៅហើយ ប៉ុន្តែត្រូវបានគេរុញទៅលិចទៅកើត និងឱ្យទៅប្ដឹងនៅតុលាការ ទើបគាត់សម្រេចចិត្តបង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក Sok Chea តែម្ដង។ គាត់បន្តថា ពេលមកខ្ចីលុយភាគីកូនបំណុលបានមកទាំងឯកសណ្ឋានកងកម្លាំង ហើយបានដាក់បញ្ចាំកាតធនាគារអេសុីលីដា ដែលជាកាត់ប្រាក់ខែឈ្មោះ ម៉ៅ ចាន់ពេជ្ជកា ព្រមជាមួយអត្តសញ្ញាណប័ណ្ណថតចម្លង និង ប័ណ្ណនគរបាលថតចម្លងផងដែរ។ ម្ចាស់បំណុលបញ្ជាក់ថា នគរបាលរូបនោះ បានព្យាយាមគេចវេះមិនព្រមទទួលខុសត្រូវ ហើយទឹកប្រាក់ដែលបានជំពាក់មានចំនួនប្រហែលជាង ១០០០០ដុល្លារ(ជាងមួយម៉ឺនដុល្លារ) ហើយក្នុងពេលនេះដែល ម្ចាស់បំណុលសូមឱ្យកូនបំណុលចូលមកដោះស្រាយគ្នា៕KD

ព័ត៌មានពេញនិយម