Saturday, June 13, 2026

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ។ ពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០រូបផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់ក្រុមការងារសវនកម្មផ្ទៃក្នុងរួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានសម្តែងនូវការគោរព និងថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានគណៈប្រតិភូ និងក្រុមការងារសវនកម្មផ្ទៃក្នុង ដែលបានជួយតម្រង់ទិស និងខិតខំជួយបំពេញបន្ថែមនូវរាល់ភាពខ្វះចន្លោះដល់មន្រ្តី ក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមតួនាទីភារកិច្ច។ បន្ថែមក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបញ្ជាក់ថា អនុសាសន៍ និងលទ្ធផលដែលទទួលបានពីកិច្ចសវនកម្មលើកនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ការកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អង្គភាពឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ បានមានប្រសាសន៍កោតសរសើរ និងវាយតំលៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃស្នងការនគរបាលខេត្តសៀមរាប ដែលកន្លងមកបានបំពេញតួនាទីភារកិច្ច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈប្រតិភូ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តពង្រឹងការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការអនុវត្តនីតិវិធីការងារ និងការកសាងសមត្ថភាពមន្ត្រី ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈប្រតិភូ បានប្រកាសបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ប្រកបដោយជោគជ័យ និងបានប្រសិទ្ធពរជ័យជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់ សូមមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕KD

ព័ត៌មានពេញនិយម