ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែ មិនរាងចាល បានចេញមកធ្វើសកម្មភាពលួចម៉ូតូ ចំនួន០១ គ្រឿង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជាថ្មីម្តងទៀត។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់ រហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ មានឈ្មោះ មួន គីមហ៊ាង ហៅ វីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា ជនសង្ស័យរូបនេះ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ចំនួន ០១លើក រយៈពេល ០១ឆ្នាំ ០៦ខែ ពាក់ព័ន្ធករណីគ្រឿងញៀន។
ជាមួយគ្នានេះ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក KAMAX Cub Pro ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AU-1489 ដែលជាកម្មសិទ្ធិ របស់ជនរងគ្រោះមកវិញ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដកហូតវត្ថុតាងបាន ម៉ូតូចំនួន ០១គ្រឿង និងបានប្រគល់ជូនជនរងគ្រោះវិញ។
ប្រភពបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមានបំណងយកទៅលក់ ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនតាមទឹកនោមលើជនសង្ស័យផងដែរ ដោយទទួលបានលទ្ធផល អវិជ្ជមាន ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕KD
