ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឲ្យទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដឹងនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះថា មានករណីប្រទះឃើញសពស្ត្រីម្នាក់ នៅលើភ្នំគូលែន ត្រង់ចំណុចវត្ដព្រះអង្គជប់ ស្ថិតក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងរាយការណ៍ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។


បន្ទាប់ពីទទួបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចចុះធ្វើការពិនិត្យសាកសពនៅនឹងកន្លែងកើតហេតុ ដោយបានបង្កើតគណៈកម្មការដោយមានលោកមេភូមិ លោកមេឃុំ ប្រធានមណ្ឌលសុខភាពខ្នងភ្នំ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បន្តថា សពមានឈ្មោះ ពេជ្រ ដារ៉ា ភេទស្រី អាយុ៥៤ ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយក្រោមការពិនិត្យយ៉ាងម៉ត់ចត់ សមត្ថកិច្ចរកឃើញថា ផ្នែកក្បាលនៃសព នៅលើចិញ្ចើមផ្នែកខាងស្ដាំស្នាមបែកលលាក្បាលដែលធ្លាក់ប៉ះទង្គិចទៅនឹងវត្ថុរឹង នៅលើមុខជនរងគ្រោះ មានសភាពស្អុយរលួយ ផ្នែកដងខ្លួនមានស្នាមជាំជំវិញខ្លួនដែលប៉ះទង្គិចនឹងវត្ថុរឹង។ ផ្នែកអវយវៈ នៅលើដៃជនរងគ្រោះមានស្នាមហើមស្អុយរលួយទាំងសងខាង នៅលើជើងជនរងគ្រោះមានស្នាមហើមជាំនៅលើភ្លៅផ្នែកខាងមុខទាំងសងខាង។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្ថែមថា យោងតាមការបំភ្លឺរបស់អ្នករួមដំណើរ ឈ្មោះ លត ទ្រី ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នជាមួយជនរងគ្រោះ បានអោយដឹងថា ៖ នៅមុនពេលកើតហេតុរូបខ្លួន និងបក្សពួកទាំងអស់មានគ្នាចំនួន១០នាក់ បាននាំគ្នាជិះឡានមកលេងខេត្ដសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ពេលមកដល់ខេត្ដសៀមរាបបានទៅលេងម្ដុំបរិវេណប្រាសាទអង្គរវត្ដ ហើយបានសម្រាកនៅក្រុងសៀមរាបចំនួន១យប់ លុះព្រឹកឡើងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រូបខ្លួននិងបក្សពួកបានទៅលេងភ្នំគូលែនដោយសារតែឡានខូចរូបខ្លួន និងអ្នករួមដំណើរបានសម្រាកនៅវត្ដព្រះអង្គធំចំនួន១យប់ លុះមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង ០០នាទី ស្រាប់តែបាត់ឈ្មោះពេជ្រ ដារ៉ា មិនដឹងទៅណាហើយរូបខ្លូន និងអ្នករួមដំណើរបាននាំគ្នាស្វែងរក និងសាកសួរអ្នកភូមិក្បែរនោះរហូតដល់ម៉ោង១៨ និង៣០នាទី ទើបដឹងដំណឹងថាគាត់បានជិះម៉ូតូឌុបទៅវត្ដព្រះអង្គជប់ បន្ទាប់មកខ្ញុំបាទនិងឈ្មោះប៉ាត លង ភេទស្រី រស់នៅភូមិឃុំជាមួយគ្នាបានតាមទៅរកដល់វត្ដព្រះអង្គជប់ និងបានសាកសួរដូនជីនៅទីនោះគាត់បានប្រាប់ថាឃើញឈ្មោះពេជ្រ ដារ៉ា មកលេងវត្ដព្រះអង្គជប់តែម្នាក់ឯង ដោយស្ថានភាពយប់ជ្រៅក៍ត្រឡប់ទៅសម្រាកនៅវត្ដព្រអង្គធំវិញ លុះមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រូបខ្លួនក៍បាននាំអ្នករួមដំណើរទាំងអស់ មកជួយរកដោយបានពឹងសមត្ថកិច្ច និងប្រជាការពារឲ្យជួយរកផង រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០នាទី ទើបរកឃើញ តែគាត់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៍បានរាយការណ៍ជូនសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា យោងតាមការពិនិត្យវិភាគកន្លែងកើតហេតុរបស់កម្លាំងជំនាញ ព្រមទាំងការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ការពិនិត្យរបស់ប្រធានមណ្ឌលសុខភាពខ្នងភ្នំ សន្និដ្ឋានថាសពស្លាប់ដោយសារវង្វេងផ្លូវ រអិលជើងធ្លាក់ពីលើថ្មកម្ពស់៥០ម៉ែត្របណ្ដាលឲ្យស្លាប់។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់បន្ថែមថា កូនស្រីរបស់សពឈ្មោះ ជា លីណែត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្រូពេទ្យ បានបញ្ជាក់ថា ម្ដាយរបស់ខ្លួនមានឈ្មោះ ពេជ្រ ដារ៉ា គាត់ជាមនុស្សមានជំងឺសរសៃប្រាសាទប្រចាំខ្លួនជាច្រើនឆ្នាំ ហើយពុំមានការសង្ស័យឬចោទប្រកាន់ទៅលើបុគ្គលណាឡើយ ហើយក៍ពុំបានដាក់បណ្ដឹងដល់សមត្ថកិច្ចផងដែរ។
សូមរលឹកជូនផងដែរថា មានគណនីហ្វេសប៊ុក Ly Neth បានបង្ហោះសា “សូមប្រកាសស្វែងរកអ្នកម្តាយ” កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ថា « ទីតាំងបាត់ខ្លួន នៅលើភ្នំគូលែន ខេត្តសៀមរាប នាងខ្ញុំជាកូននឹងក្រុមគ្រួសារសូមប្រកាសស្វែងរកអ្នកម្តាយ ឈ្មោះ ពេជ្រ ដារ៉ា អាយុ 56 ឆ្នាំ ដែលបានបាត់ខ្លួន នឹង បាត់ ដំណឹងកាលពីថ្ងៃម្សិលមិញ01.05.2026 វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ នៅលើភ្នំគូលែន លើវត្តព្រះអង្គរធំភ្នំគូលែន ខេត្តសៀមរាប ដល់ម៉ោងនេះនាងខ្ញុំជាកូននឹងក្រុមគ្រួសារពុំទាន់ទទួលបាន ដំណឹងអ្វីអំពីគាត់ទេ។ ម្តាយរបស់ខ្ញុំមានភិនភាគដូចរូបខាងក្រោម បើបងប្អូនអ្នក ខេត្តសៀមរាបបានឃើញសូមជួយផ្តល់ដំណឹងអោយនាងខ្ញុំ ផង 0973036356 ៕KD
