Saturday, June 13, 2026

អនុវត្តសាលដីកា របស់តុលាការកំពូលដោយបង្ខំលើដីទំនាស់មួយកន្លែង ឈានដល់ចាប់ខ្លួនមនុស្ស៤នាក់ ‎

ខេត្តសៀមរាប៖ មនុស្សប្រុសស្រី ចំនួន០៤នាក់នៅរសៀលថ្ងៃទី២៩ ខែមេសា.ឆ្នាំ២០២៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណ:ពួកគេព្យាយាមរារាំង ការចុះអនុវត្តសាលដីការបស់តុលាការកំពូលដោយបង្ខំ លើដីទំនាស់មួយកន្លែង ស្ថិតនៅចំណុចផ្សារសំរោង ភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលដឹកនាំអនុវត្តដោយលោក ឡុង សារ៉ាត់ អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប។ ប៉ុន្តែនៅជិត១ម៉ោងក្រោយពីការចាប់ខ្លួនអ្នកទាំង៤ មន្ត្រី និងសមត្ថកិច្ច បានអនុវត្តដោយជោគជ័យ និងបានប្រគល់ដីអោយទៅភាគីម្ខាងគ្រប់គ្រងកាន់កាប់តាមអំណាចសាលដីកា របស់តុលាការកំពូល។

ក្នុងពេលចុះអនុវត្តសាលដីកា គេឃើញក្រុមសមត្ថកិច្ច ដែលមានប៉ូលិស និងប៉េអឹម រាប់សិបនាក់ បានដាក់ពង្រាយពាសពេញទីតាំងអនុវត្ត បំណងការពារសុវត្ថិភាពដល់មន្ត្រីចុះអនុវត្តសាលដីកា។

មុនពេលចូលទៅអនុវត្ត លោកស្រី សោរ ប៊ុនណារីម្ចាស់បំណុលបានអះអាងថា ខ្លួនទទួលបានសាលដីកា របស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដ។

‎លោកស្រី សោរ ប៊ុនណារី បានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់រយ:ពេល ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើយ ដោយសារតែ

‎កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ រារាំង លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ខ្លួនជាម្ចាស់បំណុល ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់ និងមានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងខេត្តសៀមរាប អង្គភាពអាជ្ញាសាលា រដ្ឋបាលសាលាខេត្ត គណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ ដ ក) និងក្រសួងយុត្តិធម៌ ជាច្រើនលើក ច្រើនសារក៏ដោយ។

‎‎ក្នុងពេលអាជ្ញាសាលាអានសាលដីកា (មុនពេលចាប់ខ្លួន)គេឃើញភាគីសហកូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុកចាន់ បានលើកឡើងថា ដីនេះយាយនិងតាបានប្រគល់អោយពួកគាត់ មុនពេលយាយតាស្លាប់ទៅ ហើយពួកគាត់បានរស់នៅលើដីទំនាស់នេះជិត៣០ឆ្នាំមកហើយ។ ប៉ុន្តែនៅកំឡុងឆ្នាំ២០១៤ លោក យិត ខាវ និងប្រពន្ធឈ្មោះ សោរ ប៊ុនណារី បានប្តឹងទាមទារ ហើយតុលាការសម្រេចអោយពួកគាត់ចាញ់ក្តីទើបមានការប្តឹងតវ៉ារហូតមក។ អីចឹងនៅពេលនេះបើអាជ្ញាសាលាសម្រេចអោយគ្រួសារគាត់ចាកចេញពីផ្ទះហើយប្រគល់ដីនិងផ្ទះអោយទៅភាគីម្ខាងគឺពិតជាអយុត្តិធម៍សម្រាប់គ្រួសារគាត់ណាស់។

‎ក្រោយបញ្ចប់ការអនុវត្តសាលដីការបស់តុលាការកំពូល សាលាដំបូងខេត្តសៀមរាបក៍បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗផងដែរ។ ខ្លឹមសារសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កូនបំណុលបានចាញ់ក្តីម្ចាស់បំណុលនៃការអនុវត្តគ្រប់សាលាជម្រះក្តី រាប់ពីសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ ដូច្នេះសាលាដំបូងខេត្តសៀមរាប សូមធ្វើការបដិសេធរាល់រូបភាព ឬវីដេអូដែលបានផ្សព្វផ្សាយ អមដោយអត្ថាធិប្បាយក្នុងន័យទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់៕KD

ព័ត៌មានពេញនិយម