ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ០០ និង ២០នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍អំពីករណីនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ទៅនគរបាលជំនាញបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះជួយ និងចូលរួមសហការជាមួយក្រុមជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងក្រុមជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាគង រហូតពន្លត់អគ្គិភ័យនេះបានទាំងស្រុង នៅវេលាម៉ោង ៣ និង៥០នាទី ថ្ងៃខែឆ្នាំដដែល ។
តាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកានាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះថា ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះរបស់ ឈ្មោះ ហេង ឡាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថា ករណីនេះ បានបណ្តាលឲ្យរងការខូចខាតទាំងស្រុង ផ្ទះ ០១ខ្នង ទំហំ ០៨ម៉ែត្រ x ១២ម៉ែត្រ ឈើលើថ្មក្រោមដំបូលប្រក់ក្បឿង និងសង្ក័សី ព្រមទាំងតូបលក់ចាប់ហួយ ០១ខ្នង ប្រក់សង្ក័សី ទំហំ ៦ x ១២ ម៉ែត្រ រួមទាំង :
-ឆេះរថយន្ត ០១គ្រឿង ម៉ាកតាកូម៉ា
-ឆេះម៉ូតូ ០៤គ្រឿង និង ម៉ូតូសណ្ដោងរឺម៉ក ០២
-របួសម្ចាស់ផ្ទះ ០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម (ធ្ងន់ ០១នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប)
-សម្ភារ និងទ្រព្យសម្បត្តិផ្សេងៗទៀតពុំទាន់វាយតម្លៃបាន។ ប្រតិបត្តិការនេះក៍មានកិច្ចសហការជាមួយអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមឡានអគ្គិភ័យ១គ្រឿង អធិការដ្ឋាននគរបាលស្រុកបាគង ឡានអគ្គិភ័យ ០១គ្រឿង និង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឡានអគ្គិភ័យ ០៣គ្រឿង ។ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង ស្មើនឹងចំនួន ៦៦០០០លីត្រ ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា ការសន្និដ្ឋានបឋម អាចការឆាបឆេះនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង៕KD
