ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ឱ្យដឹងថា ពិតជាមានករណីរន្ទះបាញ់មួយ នៅផ្ទះលំហែរយីហោ ” អូរពាមគ្រែ ” លើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ បណ្ដាលមនុស្សរបួសស្រាលចំនួន ៤នាក់ ក្នុងនោះមានស្រី ១នាក់ និងអនីតិជន ១នាក់ជាប្រុស កាលពីវេលាម៉ោង ១៤ និង ១៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថា មនុស្សដែលរបួសស្រាលទាំងនោះមាន៖ ទី១.អ៊ូ មករា ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិដុកក្រសាំង ឃុំព្រែកតូច ស្រុកម៉ោង ខេត្តបាត់ដំបង , ទី២.ទន់ សូលាង ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិទួលស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម សៀមរាប , ទី៣.គឿម គន្ធា ភេទស្រី អាយុ ២៦ អាការៈសន្លប់ បានដឹងខ្លួន ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងទី៤.កុមារា វ៉ុន ជីវ័ន្ត ភេទប្រុស អាយុ៤ ឆ្នាំ ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី សៀមរាប។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា ក្រោយពេលកើតហេតុរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះទៅដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូន ទៅមណ្ឌលសុខភាពអន្លង់ធំ ដោយបានការជួយសង្គ្រោះពីគ្រូពេទ្យ ជនរងគ្រោះទាំង៤ នាក់ បានដឹងខ្លួន និងបានត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន និងពុំមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕KD
