Saturday, June 13, 2026

នគរបាលខេត្តសៀមរាប បំបែកសំណុំរឿង ឃាតកម្មលើក្មេងប្រុសម្នាក់យ៉ាងព្រៃផ្សៃ និងឃាត់ខ្លួនជនដៃដល់ បានភ្លាមៗ  ‎

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានបានសេចក្តីរាយការណ៍ និងទទួលបានពាក្យបណ្តឹង ករណីបាត់ខ្លួនក្មេងប្រុស ឈ្មោះ ដួង ពេជ្ជរ៉ា អាយុត្រឹមតែ៥ ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវ យ៉ាងម៉ត់ចត់ រហូតកំណត់បង្ហាញបានថា ករណីនេះ មិនមែនជាករណីបាត់ខ្លួនឡើយ ប៉ុន្តែជាករណី ឃាតកម្ម។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌ បានកំណត់ អត្តសញ្ញាណ ជនសង្ស័យបាន គឺឈ្មោះ ឆេន សុខ អាយុ ២៨ ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ជាអតីតបងថ្លៃរបស់ ឪពុកម្តាយ សព) នឹងបានធ្វើការនាំខ្លួនមុខសញ្ញា មកសាកសួរចម្លើយ តាមនីតិវិធី ដោយដកហូតបានវត្ថុតាងសំខាន់ៗ រួមមាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ០១ គ្រឿង ធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផល អវិជ្ជមាន ។ ‎ប្រភពដដែលបានបន្តថា យោងតាមចម្លើយ សារភាព របស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារា នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារ កសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់ នឹងយកសព ទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

‎ប្រភពបានបញ្ជាក់ថា មូលហេតុ មិនគួរឲ្យជឿ គឺកើតចេញពីការខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ហើយគំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្ម ដ៏អាក្រក់បំផុតនេះ។

‎បច្ចុប្បន្នជនសង្ស័យ ក្នុងករណីឃាតកម្មគិតទុកជាមុននេះ ត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសា នេះ ដើម្បីចាត់ការ ផ្តន្ទាទោសជនល្មើស តាមផ្លូវច្បាប់៕KD

ព័ត៌មានពេញនិយម