Tuesday, April 14, 2026

ដឹងមូលហេតុរឿងក្មេងទំនើងនៅឃុំកំពង់ឃ្លាំងហើយ! ជិះម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងបង្កសំឡេងខ្លាំង រំខានដល់ញាតិជិតខាង ក៏មានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច ផ្ទុះកំហឹង ស្ទុះទៅទាញដាវ ដែលកែច្នៃលាក់ទុក តាមរកដេញកាប់ ត្រូវបានស្រាវជ្រាវ ឃាត់ខ្លួន ត្រៀមបញ្ជូនទៅតុលាការថ្ងៃស្អែក

ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មានគូលែនដេលីទទួល បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ២៧ នាទី ផេកសារព័ត៌មានឈ្មោះ Kulen Daily News បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្ញើចូលក្នុង Group ដោយមានអត្ថន័យថា៖ នៅវេលាម៉ោង ២០ និង ៥៩ នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានមេក្មេងទំនើងឈ្មោះ វ៉ាន់ បានដឹកគូរកនពីរនាក់ ប្រដាប់ដោយដាវ ហាក់ចង់បើកឆាកប្រយុទ្ធជាមួយសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច អំពីសុខសុវត្ថិភាពរបស់ពួកគាត់ និងក្រុមគ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
‎របាយការណ៍ដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាពាក់ព័ន្ធនឹងករណីខាងលើ រហូតដល់នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ នាំខ្លួនមុខសញ្ញាចំនួន ៣ នាក់ ទៅធ្វើការស្រង់ចម្លើយ មានឈ្មោះ ឃោ ចេន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ ទីស្រុកកំណើតភូមិពោរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងស្នាក់បច្ចុប្បន្ននៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (អ្នកកាន់ដាវ) ឈ្មោះ រឿន សុវណ្ណ ហៅក្រៅ វ៉ាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរនេសាទ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងឈ្មោះ រឿង តុលា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរនេសាទ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
‎របាយការណ៍ដដែលបានបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឃោ ចេន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កសិករ មានទីកន្លែងកំណើតភូមិពោរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងស្នាក់បច្ចុប្បន្ននៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន) បានឆ្លើយសារភាពថា រូបគេពិតជាបានកាន់ដាវដងដែកប្រវែង ៨០ ស.ម បំរ៉ុងទៅធ្វើសកម្មភាពកាប់ទៅលើភាគីម្ខាងទៀត ដោយសារខឹងមានគេស្រែកជេរមកលើខ្លួន តែខ្លួនពុំចាំមុខអ្នកជេរនោះទេ។ ចំពោះអាវុធជាដាវ គឺរូបគេបានកែច្នៃដោយខ្លួនឯង ហើយអំឡុងពេលមានទំនាស់ពាក្យសម្ដីគ្នានោះ ក៏បានទៅយកដាវកែច្នៃ និងហៅឈ្មោះ រឿន សុវណ្ណ  និងឈ្មោះ រឿង តុលា ឱ្យមកតាម។ នៅចំពោះមុខជនសង្ស័យឈ្មោះ រឿន សុវណ្ណ  (ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន) ត្រូវបានឈ្មោះ ឃោ ចេន ហៅទៅកន្លែងកើតហេតុ តែរូបគេពុំដឹងរឿងមុន និងមានចេតនាទៅប្រព្រឹត្តបទល្មើស កម្លាំងសមត្ថកិច្ចបានសម្រេច បង្វែរទៅឱ្យមណ្ឌលស្តារនីតិសម្បទា និងបន្សាបគ្រឿងញៀន។
‎ចំណែកឈ្មោះ រឿង តុលា (ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលអវិជ្ជមាន) ត្រូវបានឈ្មោះ ឃោ ចេន ហៅទៅកន្លែងកើតហេតុដែរ ក៏ពុំដឹងរឿង និងមិនមានចេតនា ចង់ចូលរួមប្រព្រឹត្តបទល្មើសដែរ ទើបនគរបាលអនុញ្ញាតឱ្យក្រុមគ្រួសារធានាត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន ដោយធ្វើកិច្ច សន្យាអប់រំ និងចូលខ្លួនតាមការកោះ ហៅពេលក្រោយ។
ក្នុងប្រត្តិបត្តិការកន្លងនគរបាលបានដកហូត វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ដាវដងដែកចំនួន ១ ដើម ប្រវែង ៨០ ស.ម ជាកម្មសិទ្ធិរបស់ឈ្មោះ ឃោ ចេន ដែលបានកែច្នៃដោយខ្លួនឯង។
‎របាយការណ៍ដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
‎ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីនេះ លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់យុវជន យុវនារីទាំងអស់ សូមជៀសឆ្ងាយពីគ្រឿងញៀន បើកបរគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយអំពើហិង្សាគ្រប់ប្រភេទ ដើម្បីឱ្យខេត្តសៀមរាបទាំងមូល ទទួលបាននូវសុខសុវត្ថិភាព និងក្តីរីករាយទាំងអស់គ្នា៕KD

ព័ត៌មានពេញនិយម