Friday, April 10, 2026

ក្រុមហ៊ុន អេច អេច អ ធី អិល ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ៨៥៥ម៉ែត្រ នៅសង្កាត់សាលាកំរើក ក្នុងតម្លៃ ៤៨២ ១០០ ០០០រៀល

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បើយោងតាមការផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ៨៥៥ម៉ែត្រ ស្ថិតក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តឱ្យដឹងថា លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក បានឱ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៦ សង្កាត់សាលាកំរើក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ស្ថិតក្នុងភូមិសាលាកំរើក ប្រវែង៨៥៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ ស្លាកសញ្ញាគម្រោង១កន្លែង ការងារចាក់ផ្លូវបេតុងអាមេត្រូវចងដែកកម្លាត០.២០ម៉ែត្រ និងដាក់កំណល់ឱ្យបានត្រឹមត្រូវកម្ពស់០.៧៥ម៉ែត្រ ការងារតំណរីករួម កន្លែង២០ម៉ែត្រ ត្រូវប្រើប្រាស់ដែកថ្នាំងអំពៅទំហំ១៤មម ប្រវែង ០.៥០ម៉ែត្រ និងទុយយោ PVC ទំហំ ១៩មីលីម៉ែត្រ ប្រវែង០.៥០ម៉ែត្រ និងត្រូវដាក់ចន្លោះពីគ្នា០.៤០ម៉ែត្រ។

‎ប្រព័ន្ធផ្សព្វផ្សាយដដែលបានបព្ជាក់ថា លោក សាម ឡន បានឱ្យដឹងទៀតថា សម្រាប់គម្រោងនេះ ក្នុងតម្លៃប៉ាន់ស្មាន ៧៤៤ ០៣៦ ៦៦៩រៀល ដោយមានក្រុមហ៊ុនចំនួន៨ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើ ក្រុមហ៊ុន អេច អេច អ ធី អិល ក្នុងតម្លៃ ៤៨២ ១០០ ០០០រៀល។

‎ជាមួយនឹងការទទួលបានសិទ្ធនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុត្តនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា៕KD

ព័ត៌មានពេញនិយម