ខេត្តសៀមរាប៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង១៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣០៤-៣០៥ ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ ៦ រវាងម៉ូតូនិងរថយន្ត ដែលបើកបរស្របទិសគ្នា។
វរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក់ Toyota Prius hybrid ពណ៍បៃតងចាស់ ពាក់ផ្លាកលេខ ប.មានជ័យ 2E-5209 បើកបរដោយឈ្មោះសុវណ្ណ ណារិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបើកបរ ក្នុងទិសដៅពីកើតទៅលិច (គ្មានរបួស) ដល់ចំណុចកើតហេតុ បានបុកជាមួយនិងម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប.1AT-2946 បើកបរដោយ ឈ្មោះ ដុះ សារ័ត្ន ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលធ្វើដំណើរក្នុងទិសដៅកើតទៅលិចដូចគ្នា(របួសស្រាល) និងអ្នករួមដំណើរជាមួយចំនួន២នាក់ ដែលទី១ ឈ្មោះ វៀច សាវៃ ភេទស្រីអាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា និងទី២ ឈ្មោះសារ័ត្ន សាវណ្ណឆៃ ភេទប្រុស អាយុ៥ ឆ្នាំនៅភូមិជាមួយគ្នា។
វរសេនីយ៍ឯក លឹម សម្បត្តិ បានបន្តថា ក្រោយពេលកើតហេតុរួចជនរងគ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារគន្ធបុប្ធាខេត្តសៀមរាប ១នាក់និង ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យភូមិភាគ៤ ចំនួន២នាក់។
វរសេនីយ៍ឯក លឹម សម្បត្តិ បានបន្ថែមថា ក្នុងករណីនេះបានបណ្តាលអោយមានរបួសមនុស្សចំនួន៣នាក់ របួសធ្ងន់២នាក់របួសស្រាល ១នាក់ គ្មានរបួស១នាក់
១. ឈ្មោះ ដុះ សារ័ត្ន (របួសស្រាល)
២. ឈ្មោះ វៀច សាវៃ (របួសធ្ងន់)
៣. សារ័ត្ន សុវណ្ណឆៃ (របួសធ្ងន់)។
វរសេនីយ៍ឯក លឹម សម្បត្តិ បានបញ្ជាក់ថា កម្លាំងជំនាញ បានធ្វើការវាស់វែង នឹងយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ប្រាសាទបាគង ស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ចរាចរណ៍ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើយ៕KD
