លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញលិខិតលេខ១៩៣២/២៦ នបខ.សរ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦
សម្រេច អនុវត្តវិន័យចំពោះ លោកវរសេនីយ៍ត្រី គិន លឿង អត្តលេខៈ២៩៩៥៥ ឋានៈនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃជ្រូក នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប
ដោយរូបភាពផ្អាកការងារបណ្តោះអាសន្ន និងមកបង្ហាញមុខនៅអធិការដ្ឋាននគរបាលស្រុកពួក ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ មូលហេតុ “ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ” ដោយយោងបានប្រកាសលេខៈ៤២៨០ ប្រ/ក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពី ការកែសម្រួលការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត,
ប្រកាសលេខ ៤៣០៨ ប្រ.ក ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង-ស្រុក ខណ្ឌ, យោងតាមប្រកាសលេខៈ៨៧៣ ប្រ.ក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្តីពីបទវិន័យនគរបាល ជាតិកម្ពុជា និងយោងតាមរបាយការណ៍លេខ១០៥/២៦ នប.ស្រព ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់ អធិការដ្ឋាននគរបាលស្រុកពួក។

បញ្ជាក់បន្ថែមលើសនេះទៅទៀតនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ លោកបានផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលើ ដែលបានបំពេញតូនាទីភារកិច្ចបានល្អក្នុងការបង្ក្រាបជនសង្ស័យក្នុងករណីឃាតកម្មដ៍កក្រើកនៅស្រុកស្វាយលើ ចំនួនមួយលានរៀល តាមរយះលោកអធិការស្រុកស្វាយលើ ដោយលោកឧត្តមសេនីយ៍ទោស្នងការ សង្កត់ធ្ងន់ថា ” នាយប៉ុស្តិ៍ណាធ្វើល្អ ត្រូវទទួលបានការលើកទឹកចិត្តសរសើរ រីឯនាយប៉ុស្តិ៍ណា ដែលបានធ្វើខុសត្រូវទទួលរងនូវការអនុវត្តវិន័យកងកម្លាំង”។
សូមជំរាបជូនថា បន្ទាប់ការផ្សាយរបស់អង្គភាពសារព័ត៌មានជាច្រើនថា “បងសៀង ដែលល្បីជាមេល្បែងអាប៉ោងនៅសៀមរាប ត្រូវបានមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បណ្ដោយឲ្យរត់បាត់ បន្ទាប់ពីអាជ្ញាធរស្រុកពួកបង្ក្រាបវង់ល្បែងចាប់បានទាំងមេទាំងកូន សរុបចំនួន៧ នាក់ ហើយប្រគល់ឲ្យប៉ុស្តិ៍ព្រៃជ្រូក។
ប្រការដែលបងសៀង រត់រួចករណីនេះគេសង្ស័យថាមេប៉ុស្តិ៍ព្រៃជ្រូកជាអ្នកដោះលែងជាថ្នូរនឹងថវិការមួយចំនួន។
ទោះបីជាមានរងនូវការចោទប្រកាន់បែបនេះក្ដី គេមិនទាន់ឃើញមានការបំភ្លឺណាមួយពី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក ពីលោកអធិការស្រុកពួក ក៍ដូចជាពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅឡើយទេ។
ការចេញនូវសេចក្ដីសម្រេចខាងលើនេះ ហាក់បង្ហាញសញ្ញានៃការបើកផ្លូវឱ្យមានការស៊ើបអង្កេតទៅលើ លោកវរសេនីយ៍ត្រី គិន លឿង អត្តលេខៈ២៩៩៥៥ ឋានៈនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃជ្រូក នៃអធិការដ្ឋាននគរបាលស្រុកពួក ចំពោះការចោទប្រកាន់ដែលកំពុងរងការចោទប្រកាន់ សង្ស័យថាមេប៉ុស្តិ៍ព្រៃជ្រូករូបនេះជាអ្នកដោះលែងមេល្បែងអាប៉ោងម្នាក់ជាថ្នូរនឹងថវិការមួយចំនួន។”
មហាជនបានសម្ដែងការរីករាយ ត្រេកអរ សាទរ ចំពោះចំណាត់ការនេះ និងសង្ឃឹមថា មេអាប៉ោង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូកខាងលើ ត្រូវបានបញ្ជាក់ការពិតពីក្រោយរឿងរបស់ពួកគាត់ឆាប់ៗនេះ៕KD
