Monday, April 6, 2026

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឱ្យគ្រូពេទ្យទាំងអស់កុំចាត់ទុកអ្នកជំងឺត្រឹមតែជាអតិថិជន តែត្រូវចាត់ទុកពួកគាត់ជាជនរងគ្រោះដែលត្រូវការការសង្គ្រោះ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់បុគ្គលិកសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ត្រូវតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីមនុស្សធម៌ជាចម្បង ជាពិសេសគ្រូពេទ្យមិនត្រូវចាត់ទុកអ្នកជំងឺត្រឹមតែជាអតិថិជនក្នុងន័យអាជីវកម្មនោះទេ ប៉ុន្តែត្រូវចាត់ទុកពួកគាត់ជាជនរងគ្រោះ ដែលកំពុងរង់ចាំ និងត្រូវការជាចាំបាច់នូវការសង្គ្រោះ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធ្វើឱ្យពួកគាត់មានសេចក្ដីសង្ឃឹមក្នុងជីវិត និងកាន់តែមានជំនឿទុកចិត្ត ភាពកក់ក្ដៅ និងការដឹងគុណ។ ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វិស័យសុខាភិបាលត្រូវបានយកចិត្តទុកដាក់ជាអាទិភាពយ៉ាងខ្លាំងដល់បញ្ហាសុខភាព ហេតុនេះក្រសួងសុខាភិបាលបានបង្កើតឡើងនូវហិរញ្ញប្បទានសុខាភិបាល គោលការណ៍លើកលែងបង់ថ្លៃសេវា ការកំណត់អត្តសញ្ញាណជនក្រីក្រ និងមូលនិធិសមធម៌ និងមូលនិធិជំនួយសង្គមផ្សេងៗ សម្រាប់បង់ថ្លៃជួសជនក្រីក្រ ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដល់ជីវិតដោយសារតែមានបញ្ហាសុខភាព និងរបាំងហិរញ្ញវត្ថុ។

ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា ផ្អែកលើគោលនយោបាយ និងការងារអាទិភាពខាងលើ សូមឱ្យថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ធ្វើការដោះស្រាយបញ្ហាដោយលម្អិតបញ្ហាឱ្យតូចៗ ដោះស្រាយនៅនឹងកន្លែង និងក្នុងនាមជាអ្នកផ្ដល់សេវាព្យាបាល ថែទាំសុខភាព ត្រូវប្រើឥរិយាបថឱ្យបានសមរម្យ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពោលគឺនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដោយឈរលើគោលការណ៍បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ និងស្មារតីភ្ញាក់រឭកខ្ពស់។ ក្នុងនោះត្រូវចាំថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ ឱ្យអ្នកជំងឺមានភាពកក់ក្ដៅ ដូចប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត “គ្រូពេទ្យមានតួនាទីធ្វើការជំនួសទេវតា”។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់អង្គភាពសុខាភិបាលត្រូវសហការជិតស្និទ្ធជាមួយដៃគូរអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានសុខាភិបាលបានបម្រើ និងផ្ដល់សេវាសុខាភិបាលរបស់ខ្លួនមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសុវត្ថិភាព ដោយការទទួលខុសត្រូវមានទំនុកចិត្តពីប្រជាពលរដ្ឋ និង ត្រូវគិតគូរពីការពង្រីក និងពង្រឹងគុណភាពសេវា និងការងារគ្រប់គ្រងអង្គភាព ដែលក្នុងនោះមានការគ្រប់គ្រងបុគ្គលិក ការបណ្តុះបណ្តាលជំនាញជាដើម។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងផែនការគន្លឹះវិស័យសុខាភិបាល រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម និងផ្ដល់កិច្ចសហការយ៉ាងសកម្ម ចូលរួមក្នុងចលនាផ្សព្វផ្សាយអប់រំសុខភាព ការលើកកម្ពស់សុខភាពទៅដល់សហគមជាមួយមន្ត្រីរាជការសុខាភិបាល និងសកម្មភាពជាច្រើនដែរកើតមាននៅក្នុងខេត្តសៀមរាប។ ឈរលើស្មារតីនេះ សូមឱ្យគ្រប់មន្ទីរអង្គភាព សូមផ្ដល់ការចូលរួមទាំងអស់គ្នាជាមួយមន្ទីរសុខាភិបាល ពិសេសចូលរួមជាមួយលោកគ្រូ អ្នកគ្រូ ដែលផ្ដល់សេវានៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ព្រោះថាការធ្វើឱ្យសុខភាពប្រជាជនទទួលបានសុខភាព និងសុខុមាលភាព មិនមែនតែស្ថាប័ន ឬអង្គភាពសុខាភិបាលធ្វើតែងឯងនោះទេ លុះត្រាតែគ្រប់គ្នាទាំងអស់ សហការ និងគាំទ្រ ទើបប្រជាជនទទួលបានសុខភាព និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពេញនិយម