Monday, April 6, 2026

ក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល បានទទួលរង នូវការពិន័យ លើអ្វីដែលគាត់បានធ្វើខុសពីការអនុញ្ញាត របស់រដ្ឋបាលខេត្ត និងអោយគាត់ផ្អាកអាជីវកម្មសិនរហូតមានការសម្រេចណាមួយពីក្រសួង

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹង ក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល ដែលរងការចោទប្រកាន់ថា ធ្វើអាជីវកម្មជីកកាយអាចម៍ដីលក់ នៅជើងភ្នំ មានជំរៅជ្រើសលើសច្បាប់ខេត្តកំណត់ ថា «បាទបង ក្រុមការងារបានចុះទៅរួចហើយ និងបានពិន័យ លើអ្វីដែលគាត់បានធ្វើខុសពីការអនុញ្ញាត និងអោយ គាត់ផ្អាកសិនរហូតមានការសម្រេចណាមួយពីក្រសួងបង»។ នៅរសៀលថ្ងៃដដែលនេះ ក្រុមកម្លាំងចម្រុះម្នាក់ ដែលថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ដោយសុំមិនបញ្ចេញឈ្មោះថា លោកជាបានចូលរូមក្នុងបេសកកម្ម ជាមួយក្រុមកម្លាំងចម្រុះ ដែលបានរៀបចំដោយរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ រណ្ដៅដីដែលជាអាជីវកម្ម របស់ក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល ដែលទទួលបានលិខិតអនុវត្តពីច្រកចេញចូលរដ្ឋបាលខេត្តសៀមរាប ប្រាកដមែន ហើយក្នុងការពិនិត្យរកឃើញថា ម្ចាស់អាជីវកម្មនេះបានធ្វើការជីកយកអាចម៏ដីពីក្នុងអាងស្តុកទឹកបឹងទន្លេសាបក្នុងជំរៅជ្រៅបន្តិចមែន (ប្រហែលជាង១០ម៉ែត្រ) ដោយខាងសាលាខេត្តសៀមរាបអនុញ្ញាតិត្រឹមជំរៅ៥ម៉ែត្រតែប៉ុណ្ណោះ។ បន្ទាប់មកក្រុមជំនាញបានឱ្យ ក្រុមហ៊ុននេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន ដែលក្នុងកិច្ចសន្យាផ្អាកអាជីវកម្មបណ្ដោះអាសន្ន គឺទុកពេលឱ្យក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល ១ សប្តាហ៍ដើម្បីសម្អាតខ្នងទំនប់ បន្ទាប់មក ក្រុមហ៊ុនត្រូវរង់ចាំរត់ច្បាប់ពីក្រសួងរួចសិន ព្រោះទីតាំងនេះជាអាងទឹក អាចមានជំរៅជ្រៅទៅបាននោះ ទាល់តែក្រសួងជាអ្នកកំណត់។

សូមជំរាបជូនថា ក្រុមកម្លាំងចម្រុះដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យនិងបិទការដ្ឋាន ជីកកាយយកអាចម៍ដីលក់ ពីឃ្លាំងទឹកមានទំហំ ១០៩៦ហិកតា របស់ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់របស់សារព័ត៌មានជាច្រើនអង្គភាពអំពីសេចក្ដីរាយការណ៍ នៃកង្វល់របស់ប្រជាពលរដ្ឋ ដែលរណ្ដៅដីរបស់អាជីវកម្មខាងលើមានជម្រៅប្រហែលជិត២០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានកាន់អាជ្ញាប័ណ្ណចេញដោយអាជ្ញាធរខេត្តសៀមរាបមួយសន្លឹកបិទនៅពី មុខការដ្ឋានរបស់ខ្លួន ហាមអ្នកសារព័ត៌មានមិនឱ្យចូលទៅផ្តិតយករូបភាព ព្រោះក្រុមហ៊ុននោះគេមានអាជ្ញា ប័ណ្ណនិងមានសិទ្ធិការហាមឃាត់ចំពោះអ្នកគ្មានភារកិច្ច។

ក្នុងការសាកសួរអំពីកង្វល់របស់ប្រជាពលរដ្ឋ ទៅជំនាញ ខាងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានចម្លើយ ឱ្យសួរទៅមន្ទីររ៉ែ និងថាមពល ហើយពេលសួទៅមន្ទីររ៉ែ និង ថាមពល ឆ្លើយថា ចាំសួរទៅខាងសាលាខេត្ត។

កាលពីពេលនោះផងដែរ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោក លី វណ្ណៈ ក៍បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជាគោលការណ៍រដ្ឋបាលខេត្តចេញលិខិតអនុញ្ញាតជម្រៅត្រឹម ៥ ម៉ែត្រប៉ុណ្ណោះ ក្នុងការជីកយកដី ប្រសិនជាក្រសួងចេកជម្រៅប៉ុន្មានក៏បានដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានបន្តថា ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត មិនទាន់ដឹងថាមានលិខិតអនុញ្ញាតពីក្រសួងឬយ៉ាងណានោះទេ។

បើតាមអ្នកនាំពាក្យ ករណីជីកដីរបស់ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល នេះ ជំនាញរ៉ែបានចុះទៅពិនិត្យហើយ។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ជាពិសេស អ្នកភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានទទូចសុំឱ្យអាជ្ញាធរជំនាញចុះពិនិត្យការដ្ឋានរបស់អ្នកស្រីដា នីញ៉ែល ដែលកំពុងធ្វើអាជីវកម្មជីកស្តារយកអាចម៍ដីលក់ នៅចំណុចឃ្លាំងទឹក ស្ថិតនៅភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ពួកគាត់ថា ច្បាប់អាជីវកម្មដែលចេញដោយអាជ្ញាធរខេត្តនិងមន្ត្រីជំនាញ នោះមានជម្រៅក្នុងកម្រិតណាឱ្យពិតប្រាកដ ព្រោះការជីកស្តារ អាងឃ្លាំងទឹករបស់ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានជម្រៅទៅជិត២០ម៉ែត្រ ទៅបាតរណ្តៅទៅហើយ៕KD

ព័ត៌មានពេញនិយម