Monday, April 6, 2026

បុរសម្នាក់វាយប្រពន្ធស្លាប់ ត្រូវបាននគរបាលចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ  ‎

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានបទល្មើសជាក់ស្តែងជាករណីឃាតកម្ម ប្រព្រឹត្តនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយបុរសម្នាក់ខឹងប្រពន្ធយកអំបោសគប់ខ្លួនក៍បានវាយនាងមួយដៃឱ្យដួលបោលក្បាលទៅនឹងជ្រុងជញ្ជាំងផ្ទះយ៉ាងខ្លាំងបណ្ដាលឱ្យស្លាប់។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុន វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចាក់ធុងបាស់ ទីកន្លែងកំណើតភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប(ប្រវត្តិទោស គ្មាន) ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងករណីឃាតកម្ម  ប្រព្រឹត្តនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

‎ប្រភពដដែលបានបន្តថា តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ យ៉ុន វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំបានឆ្លើយសារភាពថា៖ រូបខ្លួន និងជនរងគ្រោះឈ្មោះ ជុំ សីសាន់ អាយុ ២៣ឆ្នាំ បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ មិនបានចុះសំបុត្រអាពារហ៍ពិពាហ៍ ចាប់អំឡុងឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន។ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្លួនបានសុំប្រពន្ធទៅដើរលេងកម្មវិធីឡើងមាឃ និងបុណ្យភូមិនៅភូមិជ្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបធ្វើឱ្យប្រពន្ធខឹង ប៉ុន្តែរូបខ្លួនមិនបានឈ្លោះប្រកែកជាមួយនោះទេ ដោយរូបខ្លួន និងឈ្មោះ ស៊ន់ សិទ្ធ ហៅ ស៊ីង ភេទប្រុស អាយុ ២០ឆ្នាំ បានយកម៉ូតូទៅប៉ះកង់ លុះដល់វេម៉ោង១៣និង០០នាទី ថ្ងៃដដែល ទើបត្រឡប់មកវិញ ក៏មានទំនាស់ពាក្យសម្តី ហើយប្រពន្ធបានបោកចានបណ្តាលឱ្យបែកក្នុងបន្ទប់ដេក បន្ទាប់មកខ្លួននិងឈ្មោះ ស៊ន់ សិទ្ធ ហៅស៊ី បានបើកម៉ូតូចេញស្រាប់តែប្រពន្ធបានគប់អំបោសសំដៅខ្លួន ភ្លាមនោះខ្លួនក៏ចុះពីលើម៉ូតូ ហើយស្ទុះទៅវាយចំមាត់ប្រពន្ធ ចំនួន ១ដៃស្តាំង ហើយប្រពន្ធផ្ងាកក្រោយ ទាក់ជើងនឹងអង្រឹង បណ្តាលឱ្យដួលផ្ងាកក្រោយក្បាលបោកក្បាលទៅនឹងជ្រុងជញ្ជាំងផ្ទះយ៉ាងខ្លាំង បណ្តាលឱ្យប្រទាញសដៃជើង ប្រកាច់កន្ត្រាក់ៗ បន្តិចមកក៏សន្លប់បាត់បង់ស្មារតី ភ្លាមនោះរូបខ្លូន និងឈ្មោះ ស៊ន់ សិទ្ធ ហៅស៊ី បានលើជនរងគ្រោះដាក់លើគ្រែព្យាយាមជួយសង្គ្រោះ ដោយលាបប្រេងក្រឡា និងធ្វើចលនាបេះដូង តែជនរងគ្រោះមិនដឹងខ្លួន បន្ទាប់មកខ្លួនលើកជនរងគ្រោះដាក់លើម៉ូតូដោយឈ្មោះ ស៊ន់ សិទ្ធ ហៅស៊ី ជាអ្នកបើក ចំណែកខ្លួនអ្នកអង្គុយទប់ពីក្រោយ ដឹកចេញទៅមន្ទីរពេទ្យនាគទេព ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពេលទៅដល់គ្រូពេទ្យមិនទទួលទេ ខ្លួនក៏ដឹកជនរងគ្រោះបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលទៅដល់ក្រុមគ្រូពេទ្យបញ្ជាក់ថា ប្រពន្ធខ្លួនបានសា្លប់បាត់ទៅហើយ។

‎ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធធនាគារខេត្តសៀមរាប ដែលស្ថិតនៅក្នុងនីតិវិធីតុលាការហើយ៕KD

 

ព័ត៌មានពេញនិយម