Monday, April 6, 2026

រដ្ឋបាលខេត្តសៀមរាប និងមជ្ឈមណ្ឌលពាណិជ្ជកម្មឌូបៃ ចាប់ដៃគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញវិនិយោគិនពីមជ្ឈិមបូព៌ា

ដើម្បីពង្រីកវិសាលភាពនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តសៀមរាបបានបើកច្រកផ្លូវថ្មីមួយទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មការងារឌូបៃ ប្រចាំកម្ពុជា ដោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ម៉ាត់ អាមីរ៉ស់ នាយិកាប្រតិបត្តិនៃក្រុមហ៊ុន DUBAI AMIRAKLETOUR និងជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មការងារឌូបៃប្រចាំកម្ពុជា ក្នុងគោលបំណងជំរុញការបង្កើតយុទ្ធសាស្ត្ររួមគ្នា តភ្ជាប់វិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារសហព័ន្ធអារ៉ាប់រួម (UAE)។ លោក ង៉ូវ សេងកាក់ បានលើកឡើងថា កិច្ចពិភាក្សានេះមានគោលបំណងចម្បងក្នុងការបង្ហាញពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ធម្មជាតិនានា ទៅកាន់មជ្ឈិមបូព៌ា ជាពិសេសទីក្រុងឌូបៃ ព្រោះទេសចរណ៍គឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្តូរ វាបង្កើតការងារ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងជាស្ពានតភ្ជាប់វប្បធម៌រវាងជាតិសាសន៍ និងជាតិសាសន៍។

លោក ង៉ូវ សេងកាក់ បន្តថា លើសពីនេះ រដ្ឋបាលខេត្តបានកំណត់យកការអភិវឌ្ឍទេសចរណ៍ដែលផ្ដោតលើគុណភាព ចីរភាព និងបរិយាបន្នជាធំ។ តាមរយៈគោលការណ៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ ខេត្តសៀមរាបត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតកញ្ចប់ទេសចរណ៍កម្រិតខ្ពស់ (Luxury Package) ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិអារ៉ាប់ ដែលនិយមសេវាកម្មប្រណីត និងការស្នាក់នៅលំដាប់ផ្កាយប្រាំ។

ក្នុងឱកាសនោះ លោកស្រី ម៉ាត់ អាមីរ៉ស់ បានគូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីមិនត្រឹមតែផ្តោតលើការទាក់ទាញទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅនាំយកវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា មកស្វែងរកឱកាសវិនិយោគក្នុងខេត្តសៀមរាបផងដែរ។ លោកស្រីថា ការបង្កើតទំនាក់ទំនងរវាងភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនធំៗនៅឌូបៃ នឹងក្លាយជាយន្តការប្តូរវេនភ្ញៀវទៅវិញទៅមក។ ការតភ្ជាប់នេះនឹងក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ទាក់ទាញវិនិយោគិនកម្រិតមហាសេដ្ឋីមកកាន់កម្ពុជា ដែលវានឹងក្លាយជាចំណែកមួយយ៉ាងធំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

គួរឱ្យដឹងដែរថា សម្រាប់កិច្ចពិភាក្សានេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូលសម្រាប់ពលរដ្ឋក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗខាងមុខនេះ៕KD

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ

‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពេញនិយម