នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចេញសេចក្ដីបំភ្លឺពត៌មាន តបទៅនឹងការបង្ហោះរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ លេីបណ្តាញសង្គមហ្វេសប៊ុក ថា “ប៉ុស្តិ៍ត្រួតពិនិត្យស្រែអំបិល ទារប្រាក់ពីជនជាតិចិន ដែលគ្មានលិខិតឆ្លងដែនចំនួន ១៥$ ទេីបអោយធ្វើដំណើរចូលទៅក្នុងខេត្តកោះកុង”។
ស្នងការដ្ឋាននគរបាលខេត្តកោះកុងថា ដោយយោងតាមស្មារតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ជាគោលការណ៍គ្រប់ជនបរទេសដែលធ្វើដំណើរឆ្លងកាត់ត្រូវតែមានលិខិតឆ្លងដែនជាប់ខ្លួន(ច្បាប់ដេីម) ទេីបអនុញ្ញាតអោយចូលបាន ហេីយចំពោះករណីខាងលេី ដែលត្រូវបានចែកចាយលេីបណ្ដាញសង្គមនេះគឺ៖ នៅព្រឹកថ្ងៃទី៣១ ខខែមករា ឆ្នាំ២០២៦ រថយន្ត ០១ គ្រឿង បានធ្វើដំណើរចូលក្នុងខេត្តកោះកុង ដល់ចំណុចគោលដៅត្រួតពិនិត្យ ឃេីញមានជនជាតិចិន ក៏ត្រូវបានគោលដៅសួរនាំពីឯកសារលិខិតឆ្លងដែន ប៉ុន្តែជនជាតិចិនរូបនេះ ពុំមានលិខិតឆ្លងដែន(ច្បាប់ដេីម) តាមខ្លួនទេ ទេីបកម្លាំងគោលដៅត្រួតពិនិត្យពុំអនុញ្ញាតអោយគាត់ចូល និងអោយគាត់ត្រលប់ទៅក្រោយវិញ ពុំមានអ្នកទទួលប្រាក់របស់គាត់ឡេីយ ក្រោយមក គាត់បានថតរូបបង្ហោះព័ត៌មានមិនពិត លេីសម្ថតកិច្ចទៅវិញ ។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បញ្ជាក់ជាថ្មីម្ដងទៀត ចំពោះការដាក់គោលដៅនេះ ជាផែនការរបស់គណៈបញ្ជាការណ៍ឯកភាពស្រុក-ខេត្ត មិនមែនជាការដាក់គោលដៅតែនគរបាលនោះទេ ហើយរាល់ការអនុវត្តន៍ការងារ យើងមានកាំមេរ៉ាសុត្ថិភាពនៅទីនោះទៀត។
ស្នងការដ្ឋាននគរបាលខេត្តកោះ សូមថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលពុំបាននៅក្នុងហេតុការណ៍ សូមកុំជឿរនឹង កុំជេរដៀលមកលេីសមត្ថកិច្ច រឿងជនជាតិចិនអត់លិខិតឆ្លងដែន ព្រោះពួកគាត់ប្រឹងប្រែងធ្វើការតាមបទបញ្ជាថ្នាក់លើ ២៤/២៤ ម៉ោង ដើម្បីសុខសុវត្ថិភាពបងប្អូន។
សូមរំលឹកថា នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ Kanharith Khieu ៖«ថ្ងៃទី31ខែមករា ចេញដំណើរពីភ្នំពេញដោយរថយន្ត២គ្រឿង ដើម្បីខួបកំណើតខ្ញុំ ថ្ងៃ១ ខែកុម្ភៈ គោលដៅកោះកុង តែ សំណាងអាក្រក់ពេលចូលច្រកស្រែអំបិលមួយសន្ទុះ ក៏ជួប តំបន់ត្រួតពិនិត្យ គេឆែកដោយឱ្យបើកកញ្ចក់ឡានទាំងអស់ ទីបំផុតគេរកឃើញចិនម្នាក់ជាកូនប្រសារបស់ខ្ញុំ គេអញ្ជើញ ទៅជួបមេ ហើយសួររក pass port តែកូនខ្ញុំមិនបានដាក់ តាមខ្លួនទេ ដោយគ្រាន់តែបង្ហាញ passport កូពី តែ សមត្ថកិច្ចមិនទទួលស្គាល់ ប៉ុន្តែបើចង់ទៅកោះកុងបានត្រូវ បង់១៥ដុល្លារ ហើយមិនធានាទេ ព្រោះត្រូវមានតំបន់ ត្រួតពិនិត្យពាកន្លែងទៀត ទោះបីចិនកាន់ passport ក៏ត្រូវ បង់ដូចគ្នា គេមិនប្រាប់ពីមូលហេតុទេ តែខ្ញុំធ្វើដៃជើងប្រាប់កូន ថា គេកំពុងបង្ក្រាបល្បែងអនឡាញ ពិសេសជនជាតិចិន ដោយភាសានិយាយមិនត្រូវយើងបានត្រឹមលើកកែវជល់ លើទឹកដីកំពង់សោមដដែល 《ត្រីងៀតឆ្លៀតពង» ។ អញ្ចឹង ហើយ បើចិន ឬបរទេសផ្សេងទៀតចង់ទៅលេងកោះកុងត្រូវ ត្រៀមឯកសារជាប់ខ្លួន ករណីនេះបើទោះមានឯកសារ គ្រប់គ្រាន់ ក៏នៅតែតម្រូវឱ្យបង់ ១៥ដុល្លារដែរ ។ ប៉ុស ត្រួតពិនិត្យពីផ្លូវបំបែកស្រែអំបិលទៅកោះកុង មានតំបន់ ត្រួតពិនិត្យពាកន្លែង។ បើតឹងបែបនេះ សង្ឃឹមថាគ្មានទំនិញ ចោរសៀមចូលមកបានទេ តែពីណាទៅដឹងអ្នកនាំចូល និង អ្នកពិនិត្យ មនុស្សតែមួយក្រុម ។ អរគុណសន្តិភាព ជឿជាក់លើ រដ្ឋាភិបាល សុំបិទមាត់សិន។
Vong Sokheng»៕KD
