នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ អំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពី ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមាន ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត រង់ចាំធ្វើគារវកិច្ច នៅបរិវេណសាលាខេត្តសៀមរាប។
អំណោយដែលរដ្ឋបាលខេត្តសៀមរាបទទួលបាន រួមមាន៖ ទឹកបរិសុទ្ធ ចំនួន ១.៣៨០កេស, អង្ករ ចំនួន ១០.៧៦៥គីឡូក្រាម, ទឹកក្រូច ចំនួន ២០១កេស, ពងមាន់រសជាតិដើមខ ចំនួន ៦០កេស, ពងមាន់រសជាតិដើម ចំនួន ១០០កេស, ខសាច់មាន់កំប៉ុង ចំនួន ១៣៩កេស, កន្ទេល ចំនួន ១៩៥, ក្រណាត់ ចំនួន ៨ដុំ, ភួយ ចំនួន ៧.០៥០, ទឹកត្រី ចំនួន ២៥៣យួរ, មុង ចំនួន ៥៩០, អំបិល និងប៊ីចេង ចំនួន ៣៩៩កញ្ចប់, ឃីត (សម្ភារសិក្សា) ចំនួន ១៨០កញ្ចប់, នំ ចំនួន ៣៦៤កេស, ត្រីខកំប៉ុង ចំនួន ៨០កេស, សៀវភៅ ចំនួន ១៨កេស, ថ្នាំដុសធ្មេញនសាប៊ូដុសខ្លួន និងម្សៅសាប៊ូ ចំនួន ១៣៤កញ្ចប់ និងអំណោយដែលស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបាន រួមមាន៖ អាវក្រោះ ចំនួន ១០០អាវ, អាវចរាចរណ៍ ចំនួន ៥០០អាវ, ស្លាកអាវអក្សរ Police ចំនួន ៥០០ស្លាក និងខ្សែក្រវ៉ាត់នគរបាល ចំនួន ១០០ខ្សែ។
ក្នុងឱកាសនេះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៍បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ និងសូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕KD
