Monday, April 6, 2026

គ្រួសារកងទ័ព និងជនភៀសសឹក ១៦០គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បាននាំយកថវិកា និងស្បៀងអាហារ ផ្ដល់តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ដើម្បីចែកជូនដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ១៦០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប មានប្រសាសន៍ថា អំណោយទាំងនេះគឺជាការចូលរួមឧបត្ថម្ភពីមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្ត ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន។ សកម្មភាពទាំងនេះ គឺបង្ហាញពីស្មារតីសាមគ្គីភាពជួយគ្នាក្នុងគ្រាលំបាកឈរលើឆន្ទៈ ខ្មែរស្រឡាញ់ខ្មែរ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយគាំទ្រ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន ក្នុងបុព្វហេតុជាតិមាតុភូមិយើង។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការខេត្ត ដែលបានរួមចំណែកជាធនធានផ្តល់ជាថវិកា និងគ្រឿងឧបភោគ បរិភោគចែកជូនដល់ជនភៀសសឹក និងគ្រួសារកងទ័ពជម្លៀសពីតំបន់រងគ្រោះដោយសារសង្គ្រាមមកស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងសង្កាត់ស្រង៉ែ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចអំពីសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការអ្វីឡើយ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីស្នេហាជាតិ និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាប្រទេសកំពុងមានការលំបាក រួមគ្នាជាស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួមគ្នាទើបខ្មែរខ្លាំង៕KD

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ការិយាល័យនិពន្ធ៖ 089 948 444 ; 088 0546 6648

‎👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews

‎👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews

ព័ត៌មានពេញនិយម