ខេត្តសៀមរាប៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានសូមជម្រាបជូនសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធទៅនឹងកាលពីពេល ថ្មីៗនេះមានគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថាខ្លួនបាន ទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជូនថាពាក់ព័ន្ធករណីនេះ
១- រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ។ ករណីនេះ គឺជា ជម្លោះឯកជនរវាងភ្ញៀវទេសចរជនជាតិអាមេរិក១រូប និងភ្ញៀវជនជាតិរុស្ស៊ី១រូបផ្សេងទៀត ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ ដោយមូលហេតុភាគី ទាំងពីរដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅ បរិវេណខាងកើតសាលរបាំនៃប្រាសាទតាព្រហ្ម។
២- ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបាន បញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះ ស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំណត់ហេតុជូនភ្ជាប់មកជាមួយ។
៣- ភាគីទាំងពីរបានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួក គាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅ ទីតាំងប្រាសាទ ជាទីសក្ការៈរបស់កម្ពុជា។
អាជ្ញាធរជាតិអប្សរា សូមឱ្យសាធារណជនមេត្តាជ្រាប និងសូមបញ្ឈប់ការចែករំលែក វីដេអូផ្សព្វផ្សាយនេះតាមការគួរ៕KD
ការិយាល័យនិពន្ធ៖ 089 948 444 ; 088 0546 6648
👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews
👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews
