កាលពីវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្ពាននាគ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពី០៥ទៅ០៦គ្រឿង ប្រដាប់ដោយដាវនិងដំបងដេញកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះ បណ្តាលឱ្យជនរងគ្រោះផ្តួលម៉ូតូរត់គេចខ្លួន ចំណែកជនបង្កបាននាំគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង។ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ០២គ្រឿង បារីអេឡិចត្រូនិក០៨ដើម សោម៉ូតូ០១ និងស្លាក់លេខម៉ូតូជារបស់ជនរងគ្រោះ។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះពិតប្រាកដមែន (ព្រោះតែរឿងឆាតញ៉ែស្រីស្នេហ៍)។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។
សូមប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕KD
ការិយាល័យនិពន្ធ៖ 089 948 444 ; 088 0546 6648
👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews
👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews
