ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មានឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដកហូតបានវត្ថុតាង គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក) , ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន០៨ដុំ , កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ ,ប្រាក់ដុល្លារចំនួន ២៤០ដុល្លារ ,ប្រាក់រៀល ចំនួន ៣.៤៨៥.០០០រៀល , រថយន្តចំនួន ០១គ្រឿង ម៉ាក Toyota Tacoma ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BH-7574 , ម៉ូតូចំនួន ០២គ្រឿង , លោហៈធាតុពណ៌លឿង (ខ្សែក)ចំនួន ០២ខ្សែ , លោហៈធាតុពណ៌លឿង (ក្រវិល) ចំនួន ០៣ , លោហៈធាតុពណ៌ស (ក្រវិល) ចំនួន ០១គូ , បាយក្តាំងចំនួន ០២កញ្ចប់ , ទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ៕ លោក ម៉ៅ និមល
