Monday, April 6, 2026

នគរបាលឃាត់ខ្លួនជនសង្ស័យមានសារធាតុញៀនក្នុងខ្លួនចំនួន ៧នាក់ ជាបន្តបន្ទាប់ ក្រោយពីបានយកដាវដេញកាប់ជនរងគ្រោះ និងម៉ូតូ ក្នុងស្រុកជីក្រែង

ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៧នាក់មកសាកសួរនាំជាបន្តបន្ទាប់។
ជនសង្ស័យទាំង០៧នាក់នោះរួមមាន៖
១/ឈ្មោះ គុណ ណារីន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
២/ឈ្មោះ ឡាញ់ លិញជៅ ហៅជី ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
ទី៣/ឈ្មោះ ប៉ុញ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៤/ឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៥/ឈ្មោះ ឃី នូរ៉ា ហៅពេ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៦/ឈ្មោះ យន់ ប៊ុនលាប ហៅហ៊ុច ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិតាគឹមក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ៧/ឈ្មោះ ពេញ សិលា ហៅឈុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន) វត្ថុតាងដែលសមត្ថកិច្ចដកហូតមានដាវចំនួន ០១។
‎ក្រោយធ្វើការសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកក្រុមពួកខ្លួនមានទំនាស់ពាក្យសម្តីជាមួយក្រុមជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុខាងលើពួកខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពយកដាវ ចំនួន១ដើម ទៅកាប់ក្រុមជនរងគ្រោះដែល កំពុងអង្គុយលើម៉ូតូត្រង់ចំណុចទួលព្រៃស្វាយ ពិតប្រាកដមែន ក្នុងពេលដែលពួកខ្លួនចុះទៅធ្វើសកម្មភាព ក្រុមជនរងគ្រោះ បានរត់យកយករួចខ្លួន ទើបពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទី មានក្រុមជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ កាប់មកលើជនរងគ្រោះ ឈ្មោះ ទ ស វ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងមិត្តភក្តិចំនួន ៧នាក់ទៀត ដែលកំពុងឈប់ម៉ូតអង្គុយលេងចំណុចទួលព្រៃស្វាយ ស្ថិតនៅភូមិពន្លឺព្រះផុស ដោយក្រុមជនសង្ស័យ បានដេញកាប់ទៅលើក្រុមជនរងគ្រោះ ដោយពេលនោះ ក្រុមជនរងគ្រោះ បាននាំគ្នារត់ចោលម៉ូតូយករួចខ្លួន  បន្ទាប់មកក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់៕KD

ព័ត៌មានពេញនិយម