Saturday, June 13, 2026

នគរបាលឃាត់ខ្លួនបាន ក្មេងទំនើងប្រាំនាក់ ដែលធ្វើសកម្មភាពដេញវាយ និងគប់គ្នាយ៉ាងអនាធិបតេយ្យ នៅស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា យោងតាមបណ្តឹងបរិហារ ដោយ វីដេអូដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវថតបានសកម្មភាពក្មេងទំនើងដេញវាយ និងគប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវជាតិលេខ៦ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០នាទី ប្រព្រឹត្តនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ក្រោយទទួលបានព័ត៌មានភ្លាម និងមានបទបញ្ជាដ៏មុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឱ្យចាត់កម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ រហូតនាំខ្លួនបាន ០៥នាក់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង០០នាទីព្រឹក និងរកឃើញនិងដកហូតវត្ថុតាង ដុំឥដ្ឋប្រវែង ១៤សម ទទឹង ៨សម ចំនួន ០១ និងមួកសុវត្ថិភាពចំនួន ០១ ពណ៌ខ្មៅ។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបន្តថា មនុស្សទាំង៥នាក់នោះ មកពីក្រុមផ្សេងគ្នា ដែលក្រុមទី១ ឈ្មោះ DR នាំខ្លួនបានចំនួន ០៣នាក់ (មានសារធាតុញៀន វិជ្ជមានចំនួន ០២នាក់) និងក្រុមទី២ គ្មានឈ្មោះ នាំខ្លួនបានចំនួន ០២នាក់ (តេស្ដសារធាតុញៀន អវិជ្ជមាន) ។

‎នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព (ដេញវាយ និងគប់គ្នាដោយដុំឥដ្ឋ និងមួកសុវត្ថិភាពទៅវិញទៅមក) ប្រាកដមែន ដោយសារខឹងមើលមុខ រាំឌឺដងដាក់គ្នាពេលកំពុងជិះម៉ូតូក្នុងកម្មពិធីដង្ហែព្រះជុំវិញផ្សារដំដែក ។

‎ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថា កម្លាំងជំនាញបានសម្រេចឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៥នាក់ ក្រោយរកឃើញថាមានពាក់ពន្ធ័ករណី

‎-ក្រុមទី១ DR “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ (គប់ដុំឥដ្ឋ) និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ។

‎-ក្រុមទី២ “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ (គប់ដុំឥដ្ឋ) និងធ្វើអោយខូចខាតដោយចេតនា ។

‎ករណីខាងលើ សមត្ថកិច្ចនគរបាលជំនាញបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញដេីម្បីបន្តនិតីវិធី៕KD

ព័ត៌មានពេញនិយម