Tuesday, April 14, 2026

នគរបាលស្រុកសូទ្រនិគម បញ្ជូនខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោម០៣នាក់ ពីឃុំកំពង់ឃ្លាំង ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ក្រោយរកឃើញមានផ្ទុកសារជាតិញៀន និងកាន់កាប់ដាវ ‎

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះខ្លឹមសារខ្លី នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនឈ្មោះ “ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប” ដោយដាក់ចំណងជើងថា “នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៤០នាទី មានករណីក្មេងទំនើង ឈ្លោះប្រកែកជេរគ្នា តាមពាក្យសម្ដី។” ‎ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា បន្ទាប់ពីទទួលបានព័ត៌មានបរិហារ តាមបណ្តាញសង្គម និង Group សារព័ត៌មានឈ្មោះ Kulen Daily News បានបង្ហោះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣:២៧នាទី និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននរគបាលស្រុកសូទ្រនិគម ចុះស្រាវជ្រាវ រហូតដល់នាំខ្លួន យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

‎ + ដកហូតវត្ថុតាង :

‎ដាវដងដែកចំនួន ០១ដើម ប្រវែង ៨០សម ។

‎ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថា សមត្ថកិច្ចយើងបានធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀន។ ករណីខាងលើ សមត្ថកិច្ចយើងបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

‎បន្ថែមលើសនេះ លោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ជាមួយ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី តាមទូរស័ព្ទថា តាមពិតកម្លាំងរបស់លោកបានចុះទៅដល់ឃុំកំពង់ឃ្លាំង និងបានអញ្ជើញមនុស្សចំនួន៣នាក់មកសួរនាំពិតប្រាកដមែន ប៉ុន្តែម្នាក់ក្នុងចំណោមនោះ រកឃើញថាមិនមានជាប់ពាក់ព័ន្ធ និងមិនមានសារធាតុញៀនក្នុងទឹកនោមនោះឡើងក៍អនុញ្ញាតិឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាត្រឡប់ទៅផ្ទះវិញ ដោយឡែកពីរនាក់ទៀតរកឃើញមានផ្ទុកសារធាតុញៀនក្នុងទឹកនោម និងម្នាក់ក្នុងចំណោមពីរនាក់នេះ កាន់កាប់ដោយខុសច្បាប់នូវអាវុធ(ដាវ) ត្រូវបញ្ជូនបន្តនិតិវិធី តាមបទបញ្ជាក៍ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្រួលផ្លូវច្បាប់ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

‎លោកវរសេនីយ៍ឯក ឃឹម ផល្លា បានបញ្ជាក់បន្ថែមថា ក្នុងករណីនេះមិនមានប្រជាពលរដ្ឋណាចេញមកដាក់ពាក្យបណ្ដឹងលើជនសង្ស័យឡើង ហើយជនទាំងនេះមិនមានព្យសនកម្ម បង្កឱ្យនរណារងគ្រោះនោះទេ ដោយវាជាករណីជម្លោះពាក្យសម្តីហើយជនសង្ស័យក៍ទីយកដាវមក ប៉ុន្តែជនទាំងពីរ (អ្នកកាន់កាវ និងម្ចាស់ដាវ ឈ្មោះ ឃោ ចេន ត្រូវជាប្អូនថ្លៃ ឈ្មោះ វ៉ាន់) នេះមានផ្ទុកសារធាតុញៀន និងម្នាក់កាន់កាប់ដោយខុសច្បាប់នូវអាវុធ(ដាវ) ទើបបញ្ជូនបន្តតាមនីតិវិធី។

‎សូមរំលឹជូនផងែថា ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការចុះផ្សាយថា “មេក្មេងទំនើងឈ្មោះ វ៉ាន់ បានដឹកគូកនពីនាក់ប្រដាប់ដោយដាវ ហាក់ចង់បើកឆាកប្រយុទ្ធជាមួយសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច

‎ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោង២០ និង៥៩នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានមេក្មេងទំនើងឈ្មោះ វ៉ាន់ បានដឹកគូកនពីនាក់ប្រដាប់ដោយដាវ ហាក់ចង់បើកឆាកប្រយុទ្ធជាមួយសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច អំពីសុខសុវត្ថិភាពរបស់ពួកគាត់ និងក្រុមគ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

‎ប្រជាពលរដ្ឋបន្តថា កាលពីពេលកន្លងទៅ ពួកគាត់ធ្លាប់មានការព្រួយបារម្ភម្ដងហើយ ព្រោះរឿងរ៉ាវក្មេងទំនើង ១០នាក់ ធ្លាប់បានបង្ករឿងលើវត្តកំពង់ឃ្លាំង ក៍ត្រូវបាននគរបាលឃាត់ខ្លួនអស់ ទើបពួកគាត់បានធូរចិត្តបន្តិច ស្រាប់តែឥឡូវមានលេចឡើងក្រុមថ្មីមួយទៀតដែលមានមានមេខ្លោងឈ្មោះ វ៉ាន់ ។

‎ប្រជាពលរដ្ឋនៅឃុំកំពង់ឃ្លាំង បានធ្វើការគោរពសំណូមពរ អាជ្ញាធរមូលដ្ឋាន លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ – Prak Sophoan អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការលើក្មេងទំនើងនៅឃុំកំពង់ឃ្លាំង តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិមុន ហើយបន្តអនុវត្តដល់អាណត្តិទី៧ និងប្រសាសន៍ដាច់ណាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចាក់ការទៅលើក្រុមក្មេងទំនើងផង។

‎ជុំវិញករណីនគេមិនទាន់ឃើញមាន សេចក្ដីប្រកាសណាមួយរបស់ អាជ្ញាធរមូលដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅឡើយទេ”៕KD

ព័ត៌មានពេញនិយម