ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
បានអញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ទស្សនានូវបេសកកម្មសាកល្បងរបស់សត្វសុនក ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានប្រសាសន៍ថា សុនកហិតគ្រឿងញៀនទាំងនេះ នឹងត្រូវត្រៀមប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការពិសេស ដើម្បីចូលរួមបង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់មន្រ្តីជំនាញដែលថែទាំសុនខនីមួយៗ ត្រូវចេះថែរក្សាសុខភាពសុនខ ឱ្យបានល្អទាំងការថែទាំ ការឱ្យចំណី និងហ្វឹកហ្វឺនសុនខ ហិតក្លិនរកគ្រឿងញៀននេះ ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីទទួលបានលទ្ធផងល្អប្រសើរក្នុងការចុះប្រតិបត្តិការ៕KD
